ម្ចាស់​សហគ្រាស​ ​និង​កម្មករ​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ដែល​ផ្តល់​រថយន្តក្រុង​ជិះ​ដោយ​ឥតគិតថ្លៃ​

ទំហំអក្សរ៖

(ភ្នំពេញ)​៖​ ខណៈពេល​ថ្ងៃ​ភ្ជុំបិណ្ឌ​កាន់តែ​ខិតជិត​មកដល់​ក្រុមកម្មករ​និង​ពិសេស​សហគ្រាស​បាន​សម្តែង​ការសប្បាយ​ចិត្ត​យ៉ាង​ខ្លាំងក្លា​ក៏ដូចជា​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បានផ្តល់​នូវ​កាដូ​សេវា​ជិះ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​នេះ​។​

ម្ចាស់​សហគ្រាស​ ​និង​កម្មករ​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ដែល​ផ្តល់​រថយន្តក្រុង​ជិះ​ដោយ​ឥតគិតថ្លៃ​

​ជាមួយនឹង​ការគិតគូរ​សុខទុក្ខរ​បស់​កម្មករ​នេះដែរ​ពួកគាត់​បានចាត់ទុក​ថា​នេះ​មិន​ត្រឹមតែ​ជាការ​ជួយ​រំលែក​ផល​លំបាក​ក្នុងការ​វិលត្រឡប់​ទៅ​ស្រុក​ក្នុង​កំណើត​នា​ថ្ងៃបុណ្យ​សំខាន់ៗ​របស់​ជាតិ​ទេ​តែ​ពិសេស​នោះ​នៅបាន​ជួយ​កាត់បន្ថយ​ការចំណាយ​ក្នុងការ​ធ្វើដំណើរ​ទៀតផង​។​
​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ លោក លាង ឡេង ប្រធាន​អ្នកគ្រប់គ្រង​សហគ្រាស​ផលិត​ទឹកត្រី​ម៉ាក «​លាង ឡេង​»​ដែលជា​ម្ចាស់​សហគ្រាស​ល្បីឈ្មោះ​មួយរូប​បាន​បានលើកឡើង​ដោយ​បង្ហាញ​ក្តីសប្បាយ​រីករាយ​ដល់​ប្រមុខ​រាជ​រដ្ឋា​ភិល​បា​កម្ពុជា​ដែល​តែង​យកចិត្តទុកដាក់​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​។​

​លោ​កថា​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​កម្មករ​និង​បុគ្គលិក ដែល​បម្រើ​ការងារ​នៅក្នុង​សហគ្រាស របស់លោក​ចំនួន​ជាង​៦០​នាក់​ដែល​។​ក្នុងនេះ​ភាគច្រើន​សុទ្ធតែ​បាន​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​នាឱកាស​ភ្ជុំបិណ្ឌ​នេះ​។​លោក​ចាត់ទុកថា​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើឱ្យ​ពលរដ្ឋ​កាន់តែ​គោរព​ស្រឡាញ់​ថែមទៀត​។​វា​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ដ​ល់​ពលរដ្ឋ​ដោយ​មិនបាន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​សោះឡើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើដំណើរ តាម​រថយន្តក្រុង​ដោយ​ឥត​ថ្លៃ​នាឱកាស​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះដែរ​លោក​ទុយ សុខ​ណេង​ដែល​ធ្វើការ​នៅ​សហគ្រាស​ផលិត​ទឹកត្រី​ម៉ាក​«​លាង​ឡេង​»​បានលើកឡើង​ដោយ​ក្តីសប្បាយ​រីករាយ​ថា​នេះ​ជា​ឱកាសល្អ​ប្រពៃ​ខ្លាំងណាស់​។​ដោយ​ទាំង​រូបលោក​និង​មិត្តភក្តិ​អាច​វិលត្រឡប់​ទៅ​ស្រុកកំណើត​ដោយ​មិនត្រូវ​ចំណាយ​ថវិការ​។​

​បុរស​រូបនេះ​បញ្ជាក់ថា​“​គិត​ទៅ​ទាំង​ទៅ​និង​មក​ខ្ញុំ​អាច​សល់​លុយ​៨​ទៅ​៩​ម៉ឺន​រៀល​។​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​និង​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​តែង​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់ពេលវេលា​”​។​ដោយឡែក​កញ្ញា​ពូ​អា​ហ្វី​នី​ជនជាតិខ្មែរ​អី​ស្លាម​មាន​ស្រុកកំណើត​នៅ​ក្រុង​ប៉ោយប៉ែត​។​

នាង​ក៏បាន​បង្ហាញ​នូវ​ក្តី​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​ការធ្វើដំណើរ​របស់​កម្ម​ករ​កម្មការិនី​និង​ប្រជាពលរដ្ឋ​នា​រដូវ​បុណ្យទាន​។​កញ្ញា​ថា​នេះ​ជាការ​ចូលរួម​កាត់បន្ថយ​ការចំណាយ​ដើម្បី​ទុក​ប្រាក់​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេង​ជូន​ដល់​ឪពុក ម្តាយ​នៅ​ឯក​ស្រុកកំណើត​។​

​គួរ​បញ្ជាក់ថា​នាឱកាស​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​ផ្តល់​រថយន្តក្រុង​សាធារណៈ​១២០​គ្រឿង​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​ដោយឡែក​ក្នុង​កិច្ចប្រជុំ​កិច្ច​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​វិ​មា​សន្តិភាព​សម្តេច​តេ​ជោ​ហ៊ុនសែន​បានសម្រេច​ឱ្យ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បន្ត​ផ្ដល់​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ រយៈពេល​២​ឆ្នាំ​បន្ថែមទៀត ជូន​ដល់​ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និង​កម្មករ កម្មការិនី​ទាំងអស់​៕

ម្ចាស់​សហគ្រាស​ ​និង​កម្មករ​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ដែល​ផ្តល់​រថយន្តក្រុង​ជិះ​ដោយ​ឥតគិតថ្លៃ​