អភិបាលខេត្ត​ព្រះវិហារ ដឹកនាំ​មន្ត្រី​ពាក់​ពន្ធ័ និង​អភិបាលស្រុក​ត្បែងមានជ័យ ចុះ​ពិនិត្យ​ភ្នំ​គ្រាំង​ដូង ដែល​កូនប្រុស​របស់​អភិបាលស្រុក​រំលោភ​យក​ដោយ​ខុសច្បាប់


​(ព្រះវិហារ​)៖ បន្ទាប់ពី​លោក នុត សោភ័ណ្ឌ មិនបាន​ដឹង និង​មិន​ចុះ​បង្ក្រាប បទល្មើស​រំលោភ​យក​ភ្នំ ដែល​ប្រព្រឹត្ត​ដោយ​កូនប្រុស​បង្កើត​របស់​ខ្លួន​នោះ នៅ​ព្រឹក​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ និង​លោក​អភិបាលស្រុក​ផង ចុះទៅ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ភ្នំ​គ្រាំង​ដូង នៅ​ភូមិ​គ្រាំង​ដូង ឃុំ​ព្រះឃ្លាំង ដែល​ត្រូវ​បាន​ឈ្មួញ​ឈ្មោះ សាយ សុភា ជា​កូនប្រុស​របស់​លោក នុត សោភ័ណ្ឌ អភិបាលស្រុក​ត្បែងមានជ័យ (ជា​អ្នកមាន​តួនាទី​ការពារ​សម្បត្តិ​របស់​ជាតិ​) ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ កាយ​រំលោភ​យក នៅចំពោះមុខ​ឪពុក​ដែល​ជា​អាជ្ញាធរ​មាន​តួនាទី​ការពារ​ភ្នំ។ 

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​លើកឡើង​ថា ដី​ភ្នំ​ខាងលើ​នេះ គ្មាន​បុគ្គល ឬក៏​ក្រុម​ណាមួយ​មាន​សិទ្ធិ​កាន់កាប់ និង​យក​ធ្វើជា​កម្មសិទ្ធិ​នោះ​ទេ។ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឯកឧត្តម អភិបាលខេត្ត នឹង​កោះ​ប្រជុំ​អនុគណៈ​កម្មការ​ថ្នាក់​ខេត្ត​ដើម្បី​ពិនិត្យ​លើ​ករណីនេះ ជាបន្ទាន់។

សូម​បញ្ជាក់​ថា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ កាលពី​ថ្ងៃម្សិលមិញ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់លើ ចុះទៅ​មើល និង​ចាប់​យក​គ្រឿងចក្រ​របស់​ឈ្មួញ​ឈ្មោះ សាយ សុភា ជា​កូនប្រុស​របស់​លោក នុត សោភ័ណ្ឌ អភិបាលស្រុក​ត្បែងមានជ័យ ទៅ​រក្សាទុក​ដោះស្រាយ​តាមផ្លូវ​ច្បាប់។

ការ​បញ្ជា​ឲ្យ​ចុះ​បង្ក្រាប បន្ទាន់​ពី​មាន​សេចក្តី​រាយការណ៍​អំពី បទល្មើស ទន្ទ្រាន​បំពាន ឈូស​ឆាយ យក​ដី​ភ្នំ​ក្រាំង​ដូង​ពីសំណាក់​ឈ្មោះ សាយ សុភា ជា​កូនប្រុស​បង្កើត​របស់​លោក នុត សោភ័ណ្ឌ អភិបាលស្រុក​ត្បែងមានជ័យ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០កន្លងទៅ។

ប្រជាពលរដ្ឋ សង្ឃឹមថា ថ្នាក់ដឹកនាំ​ខេត្ត នឹង​បន្ត​ចាត់វិធានការ​ច្បាប់​ឲ្យបាន​តឹងរ៉ឹង​បំផុត​ចំពោះ​មន្ត្រី​សាលាស្រុក​ត្បែងមានជ័យ រូប​ណា ដែល​ពាក់ព័ន្ធ​ក្នុងករណី បើកដៃ​ឲ្យ​កូនប្រុស​បង្កើត​របស់​លោក នុត សោភ័ណ្ឌ អភិបាលស្រុក​ត្បែងមានជ័យ កាយ ឈូស​ឆាយ​យក​ភ្នំ​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ ដោយ​លាក់បាំង​ភ្នែក​ច្រមុះ របស់​លោក​អភិបាលស្រុក ដែល​ជា​ឪពុក​របស់​ឈ្មួញ​ទុច្ចរិត​ឈ្មោះ សាយ សុភា​៕(ANN សួន ក្រែង​)

អភិបាលខេត្ត​ព្រះវិហារ ដឹកនាំ​មន្ត្រី​ពាក់​ពន្ធ័ និង​អភិបាលស្រុក​ត្បែងមានជ័យ ចុះ​ពិនិត្យ​ភ្នំ​គ្រាំង​ដូង ដែល​កូនប្រុស​របស់​អភិបាលស្រុក​រំលោភ​យក​ដោយ​ខុសច្បាប់
អភិបាលខេត្ត​ព្រះវិហារ ដឹកនាំ​មន្ត្រី​ពាក់​ពន្ធ័ និង​អភិបាលស្រុក​ត្បែងមានជ័យ ចុះ​ពិនិត្យ​ភ្នំ​គ្រាំង​ដូង ដែល​កូនប្រុស​របស់​អភិបាលស្រុក​រំលោភ​យក​ដោយ​ខុសច្បាប់


ពាក្យទាក់ទង