សម្ដេចតេជោ ហ៊ុន សែន អរគុណ​សប្បុរសជន និង​មន្រ្តី​រាជការ​ដែល​បាន​បរិច្ចាគ​ថវិកា ​និង​ប្រាក់ខែ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ Covid​-19​ បានប្រមាណជាង ១០លានដុល្លារ


(ភ្នំពេញ)៖ តប​តាម​ការ​អំពាវនាវ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា ក្នុង​ការ​រៃអង្គាស​មូលនិធិ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វី​ឌ-១៩ បើ​យោង​តាម​ការ​បញ្ជាក់​របស់ សម្តេច​តេជោ កាលពី​ថ្ងៃទី ៤ មេសា កន្លងទៅ​នេះ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ឌ-១៩ បាន​ទទួល​ថវិកា​ប្រមាណ​ជាង ១០លាន​ដុល្លារ​ហើយ ដែល​បាន​មក​ពី​សប្បុរសជន​ចូលរួម​បរិច្ចាគ​ផង ​និងបូករួម​ទាំង​ថវិកា​បៀវត្សរ៍​ដែល​ចូលរួម​ដោយ​មន្រ្តី​រាជ​កា​រ។

សម្តេច​តេជោ ​បាន​បញ្ជាក់​ថា «យើង​ត្រៀម​ថវិកា​នេះ​សម្រាប់​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ស្ថានការណ៍​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ឌ-១៩ ដូចជា​ទិញ​ម៉ាស និង​សម្ភារៈ​បរិក្ខារ​របស់​គ្រូពេទ្យ ទិញ​អាល់កុល និង​ត្រៀម​បម្រុង​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ទៅតាម​តម្រូវការ​ជាក់ស្តែង និង​ចាំបាច់​បន្ទាន់​។ »

​ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​បញ្ជាក់​ថា «កម្ពុជា​ពេលនេះ គឺ​កំពុង​បញ្ចេញ​កម្លាំង ខិតខំ​ធ្វើការងារ​ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​យើង។ កុំ​ទុក​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​យើង​មិនបាន​ដឹង​ហើយ​មិនបាន​ដោះស្រាយ ។ មិនមែន​គ្រាន់តែ​បញ្ហា​កូ​វី​ឌ-១៩ទេ ក៏ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល​ប្រជាពលរដ្ឋ​យើង​ដែល​ខ្វះខាត​ស្បៀង គឺ​ត្រូវ​ផ្តល់​ស្បៀងអាហារ​អោយ​ពួក​គាត់​បាន​ជាបន្ទាន់​ឆាប់​បំផុត។ កុំ​អោយ​ពួក​គាត់​ខ្វះ​ស្បៀងអាហារ​អោយ​សោះ ក្នុង​ពេល​ដែល​សភាពការណ៍​មានការ​ប្រែប្រួល​ពីក្រៅ​ប្រទេស និង​ពី​ក្នុង​ប្រទេស គឺ​ត្រូវ​គ្រប់​គ្រង​អ្វី​ៗដែល​មាន​ក្នុង​ប្រទេស​របស់​យើង ហើយ​ត្រូវ​ចាត់ចែង​នូវ​ធនធាន​ទាំងអស់​ដែល​មាន​ក្នុង​ប្រទេស​របស់​យើង​សម្រាប់​ជួយ​នឹង​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង​អោយ​បាន​ទាន់ពេល​។»

សូម​អរគុណ​ដល់​សប្បុ​រជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​មន្រ្តី​រាជការ​ទាំងអស់ ដែល​បាន​ចែករំលែក​បរិច្ចាគ​ប្រាក់ខែ​ផ្ទាល់ខ្លួន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ឌ-១៩។ សូមជូនពរ​បងប្អូន​ទាំងអស់​ជួប​តែ​សំណាង​ល្អ​គ្រប់​ៗគ្នា​៕(ANN 007)

សម្ដេចតេជោ ហ៊ុន សែន អរគុណ​សប្បុរសជន និង​មន្រ្តី​រាជការ​ដែល​បាន​បរិច្ចាគ​ថវិកា ​និង​ប្រាក់ខែ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ Covid​-19​ បានប្រមាណជាង ១០លានដុល្លារ


ពាក្យទាក់ទង