បុរស​ពិការ ដែល​មន្ត្រី​យោធា​ស្រវឹង លើកគ្នា​វាយ​ដល់កន្លែង​ធ្វើការ បាន​សុំ​ដក​ពាក្យបណ្ដឹង​ក្រោយ​ទទួល​សំណង១៥លាន​រៀល


(ប៉ៃលិន​)៖ បន្ទាប់ពី​ម្ចាស់​ក្រុមហ៊ុន​អគ្គិសនី ដែល​ជា​ថៅកែ សម្រេច​ប្រគល់​ប្រាក់​ចំនួន ១៥លាន​រៀល ឲ្យ​ជនរងគ្រោះ​ជា​ជន​ពិការ ដែល​ត្រូវ​ក្រុម​យោធា មួយ​ហ្វូង​ចូល​ទៅ​វាយ​ដល់កន្លែង​ធ្វើការ​នោះ ឥឡូវនេះ ជនរងគ្រោះ​ព្រម​ដក​ពាក្យ​បណ្តឹង​ហើយ។

ជនរងគ្រោះ ឈ្មោះ សុខ ទិ​ត្យា អាយុ ៣៦ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ នៅ​ក្រុមហ៊ុន​អគ្គិសនី​សាលាក្រៅ រស់នៅ​ភូមិ​ស្ទឹងត្រង់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើពាក្យ​សុំ​ដក​ពាក្យ​បណ្តឹង​ក្រុម​មន្ត្រី​យោធា ដែល​ព្រួត​វាយ​រូបលោក​កាលពី​រសៀល​ថ្ងៃទី២៩ ខែមីនា​ឆ្នាំ២០២០ម្សិលមិញ។

លោក សុខ ទិ​ត្យា បាន​ប្រាប់ ANN កាលពី​រសៀល​ថ្ងៃម្សិលមិញ​ថា ការ​ដក​ពាក្យបណ្ដឹង​នេះ​ដោយសារ​ខាង​លោក​មិន​ចង់​មានរឿង​វែងឆ្ងាយ​អ្វី​ដោយ​មើល​មុខ​គ្នា​មិន​ចំ​នោះ​ឡើយ។ ម្យ៉ាងទៀត ខាង​ក្រុមហ៊ុន​អគ្គិសនី ក៏បាន​ជួយ​សម្រួល​ថវិកា​ជូន​លោក ១៥លាន​រៀល ទើប​ខាង​លោក​ក៏​សម្រេចចិត្ត​ដក​ពាក្យ​បណ្តឹង​ចេញ​តែម្តង។

ជនេង​គ្រោះ​រូប​នេះ បន្ថែម​ថា លោក យ៉យ ស៊ី​ដូ មេបញ្ជាការ​កងការពារ​ព្រំដែន​គោក​លេខ៥០៤បាន​ទៅ​សុំ​អភ័យទោស​លោក ក្រោយដែល​កូនចៅ​របស់​គាត់​ជា​មន្រ្តី​យោធា​បាន​ធ្វើ​មិន​គួរគប្បី​ទៅលើ​រូបលោក រួចហើយ​ដែរ ទើប​លោក​សម្រេចចិត្ត​ឈប់​ប្តឹង ក្រុម​ជន​ដៃដល់​ឈ្មោះ ឈិន​ណុប និង​ឈ្មោះ អ៊ិ​ន ខ្លឹ​ង។

ជុំវិញ​ករណីនេះ លោក វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ឲ្យ ANN ដឹង​ថា ខាង​លោក​បាន​បញ្ជូន​ទៅ​ខាង​ភូមិភាគ​ឱ្យធ្វើ​ទណ្ឌកម្ម​រដ្ឋបាល គឺ​ពិន័យ​កងទ័ព។ ប៉ុន្តែ​បន្ទាប់ពី​រួចរាល់ នៅ​ខាង​ផ្នែក​តុលាការ​គេ​កោះហៅ​រឿង​បណ្តឹង​អាជ្ញា​ទៀត​ក៏​លោក​មិនដឹង​ច្បាស់​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គង់ ច័ន្ទ​ខេ​មរិទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ថា បើ​ទោះជា​ជនរងគ្រោះ​ដក​ពាក្យបណ្ដឹង ក៏​ក្រុម​ជនសង្ស័យ​មិនទាន់​អាច​រួចខ្លួន​នៅឡើយ​ទេ​ព្រោះ​វា​នៅ​ជាប់​បណ្តឹង​អាជ្ញា ហើយ​ខាង​លោក​នឹង​កោះហៅ​មក​សួរនាំ​បន្ថែម​ទៀត​នៅពេល​ក្រោយ។

គួរ​រម្លឹក​ថា មានការ​បង្ហោះ​វីដេអូ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ អំពី​សកម្មភាព​របស់ លោក​វរសេនីយ៍ឯក យ៉យ ស៊ី​ដូរ មេកង​ការពារ​ព្រំដែន​លេខ៥០៤ បាន​ដឹកនាំ​កម្លាំង​មួយ​ហ្វូង ទៅ​វាយ​ជនរងគ្រោះ នៅកន្លែង​ធ្វើការ។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​នៅកន្លែង​កើតហេតុ បាន​ឲ្យដឹង​ថា ការប្រើ​ហិង្សា​លើ​បុគ្គលិក​ជា​ជន​ពិការ​ខាងលើ ដោយសារ​ក្រុម​បញ្ជាការ​ពារ​ព្រំដែន​លេខ៥០៤ មិនបាន​ទូរ​ទាត់​ថ្លៃ​អគ្គិសនី​រយៈពេល ៦ខែ ទើប​ខាង​អគ្គិសនី​ផ្តាច់​ចរន្ត​ជា​បណ្ដោះអាសន្ន ដែល​ជាហេតុ​ធ្វើ​ឱ្យ​កងកម្លាំង​នៅ​បញ្ជាការ​ពារ ៥០៤ មានការ​ខឹង​សម្បារ និង​នាំ​បក្ខ​ពួក​ទាំងហ្វូង​ទៅ អុកឡុក និង​វាយ​ជនរងគ្រោះ​តែម្តង។

ប្រភព​បន្ដ​ថា ហេតុផល​ដែល​លោក យ៉យ ស៊ី​ដូរ មេកង​ការពារ​ព្រំដែន​លេខ៥០៤ មិនព្រម​បង់លុយ​ថ្លៃ​ភ្លើង​ទៅ​ជូន​អគ្គិសនី​នោះ ព្រោះតែ​លោក​មន្ត្រី​ធំ​មហិមា​រូប​នេះ រវល់​យក​លុយ​ទៅ​វិនិយោគ​នៅ កាស៊ីណូ ប៉ុន្តែ​ជួប​ការខាតបង់​ធ្ងន់ធ្ងរ ចាក់​ចេះតែ​ឈ្នះ​ខាងគេ​រហូត​៕(ANN ឡោ សុខ​ហៃ​)

បុរស​ពិការ ដែល​មន្ត្រី​យោធា​ស្រវឹង លើកគ្នា​វាយ​ដល់កន្លែង​ធ្វើការ បាន​សុំ​ដក​ពាក្យបណ្ដឹង​ក្រោយ​ទទួល​សំណង១៥លាន​រៀល
បុរស​ពិការ ដែល​មន្ត្រី​យោធា​ស្រវឹង លើកគ្នា​វាយ​ដល់កន្លែង​ធ្វើការ បាន​សុំ​ដក​ពាក្យបណ្ដឹង​ក្រោយ​ទទួល​សំណង១៥លាន​រៀល