តុលាការខេត្ត​ប៉ៃលិន សម្រេច​ដាក់គុក​មន្ត្រី​យោធា ២នាក់​ដែល​វាយ​ទាត់​ធាក់​ជន​ពិការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​


(ភ្នំពេញ)៖ ទីបំផុតទៅ! មន្ត្រីយោធា ជាក្រុមជនដៃដល់ ២នាក់ ដែលបានវាយទាត់ធាក់ជនរងគ្រោះជាជនពិការ បម្រើការនៅក្នុងក្រុមហ៊ុនអគ្គិសនីខេត្តប៉ៃលិន ត្រូវតុលាការសម្រេចចេញដីកាបង្គាប់ឲ្យដាក់គុកជាបណ្ដោះអាសន្នហើយកាលពីរសៀលថ្ងៃម្សិលមិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងាររបស់ ANN ប្រចាំខេត្តប៉ៃលិន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនត្រូវចោទដែលជាមន្ត្រីយោធាទាំង ២នាក់ទី១ឈ្មោះឈិន ណុប ភេទប្រុស និងទី២ឈ្មោះ អ៊ិន ខ្លឹង ភេទប្រុស។

សូមជម្រាបថា ក្រុមជនត្រូវចោទទាំង ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីពួកគេផឹកស្រាស្រវឹងចូលទៅវាយជនរងគ្រោះឈ្មោះ សុខ សត្យា កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។

ការឃាត់ខ្លួនក្រុមមន្ត្រីយោធា ខាងលើយកទៅញាត់គុកនេះ ក្រោយពីមានកិច្ចអន្តរាគមន៍ យ៉ាងធំសម្បើមពីមន្ត្រីជាន់ខ្ពស់នៃក្រសួង សង្គមកិច្ច និងអតីតយុទ្ធជន។

គួររម្លឹកថា មានការបង្ហោះវីដេអូ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ អំពីសកម្មភាពរបស់ លោកវរសេនីយ៍ឯក យ៉យ ស៊ីដូរ មេកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកម្លាំងមួយហ្វូង ទៅវាយជនរងគ្រោះ នៅកន្លែងធ្វើការ។

បើតាមការបញ្ជាក់ពីប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ការប្រើហិង្សាលើបុគ្គលិកជាជនពិការខាងលើ ដោយសារក្រុមបញ្ជាការពារព្រំដែនលេខ៥០៤ មិនបានទូរទាត់ថ្លៃអគ្គិសនីរយៈពេល ៦ខែ ទើបខាងអគ្គិសនីផ្តាច់ចរន្តជាបណ្ដោះអាសន្ន ដែលជាហេតុធ្វើឱ្យកងកម្លាំងនៅបញ្ជាការពារ ៥០៤ មានការខឹងសម្បារ និងនាំបក្ខពួកទាំងហ្វូងទៅ អុកឡុក និងវាយជនរងគ្រោះតែម្តង។

ប្រភពបន្ដថា ហេតុផលដែលលោក យ៉យ ស៊ីដូរ មេកងការពារព្រំដែនលេខ៥០៤ មិនព្រមបង់លុយថ្លៃភ្លើងទៅជូនអគ្គិសនីនោះ ព្រោះតែលោកមន្ត្រីធំមហិមារូបនេះ រវល់យកលុយទៅវិនិយោគនៅ កាស៊ីណូ ប៉ុន្តែជួបការខាតបង់ធ្ងន់ធ្ងរ ចាក់ចេះតែឈ្នះខាងគេរហូត៕(ANN ឡោ សុខហៃ)

តុលាការខេត្ត​ប៉ៃលិន សម្រេច​ដាក់គុក​មន្ត្រី​យោធា ២នាក់​ដែល​វាយ​ទាត់​ធាក់​ជន​ពិការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​
តុលាការខេត្ត​ប៉ៃលិន សម្រេច​ដាក់គុក​មន្ត្រី​យោធា ២នាក់​ដែល​វាយ​ទាត់​ធាក់​ជន​ពិការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​