បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ស្រុក​ពីរ របស់​ខេត្តព្រះវិហារ កក្រើក​ឡើង​ខ្លាំង​ជាង​មុន បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈពេល​ខ្លី​

(ព្រះវិហារ)៖ មានសេចក្តីរាយការណ៍ថា បច្ចុប្បន្ន សកម្មភាពកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ នៅស្រុកជ័យសែន និងស្រុករវៀង នៃខេត្តព្រះវិហារ កំពុងកក្រើកឡើងវិញខ្លាំងខ្លាជាងមុនទៅទៀត បន្ទាប់ពីអាជ្ញាធរថ្នាក់ជាតិចុះទៅបង្ក្រាបកាលពីប៉ុន្មានខែកន្លងទៅ។ 

សេចក្តីរាយការណ៍ បញ្ជាក់ថា បទល្មើសព្រៃឈើកំពុងកើតឡើងពេញបន្ទុកនៅភូមិសាស្ត្រ ភូមិស្រែវាល និងភូមិភ្ញាក់រលឹក ឃុំឆ្មាក្នុង ស្រុកជ័យសែន និងស្រុករវៀង ដែលជាប់តំបន់ព្រៃឡង់ដោយមានក្រុមឈ្មួញមានលុយ មានអំណាច សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើសកម្មភាពកាប់ អារ ច្រៀក ឈើដោយរណារយន្ត យ៉ាងកងរំពងពាសពេញព្រៃ ប៉ុន្តែសម្លេងម៉ាស៊ីនអារឈើហាក់ពិរោះរងំដូចសម្លេងរៃ នៅក្នុងត្រចៀកមន្ត្រីទទួលបន្ទុកបង្ក្រាបបទល្មើសនេះទៅវិញ។ 

ដីព្រៃឈើ តំបន់ព្រៃឡង់ គ្រប់គ្រងដោយព្រះរាជក្រឹត្ស តែបច្ចុប្បន្នព្រៃខាងលើនេះត្រូវបានគេដាក់ការសង្ស័យថា ក្រុមឈ្មួញ បានរៀបចំសម្របសម្រួលជាមួយក្រុមមន្ត្រីអស់ទៅហើយទើបមិនសូវមានការបង្ក្រាបបែបនេះ។

ឈើដែលក្រុមឈ្មួញ លួចកាត់ អារ ច្រៀក ភាគច្រើនជាប្រភេទ ដូងចែម ដែលត្រូវគេរៀបចំធ្វើជាគ្រឿងផ្ទះ មុនពេកដឹកតាមរថយន្តធំៗ ចេញទៅចែកចាយនៅតាមដេប៉ូលក់ឈើនៅក្នុងខេត្តកំពង់ធំ និងតាមបណ្ដាខេត្តមួយចំនួនទៀត។

បន្ទាប់ពីមានសេចក្តីរាយការណ៍ របស់ក្រុមអ្នកកាសែត អំពីការកាប់បំផ្លាញព្រៃនៅតំបន់ខាងលើនោះ យូរៗម្តង គេឃើញមានមន្ត្រីជំនាញពាក់ព័ន្ធចុះទៅអើតមើលម្តង និងបង្ក្រាបបានឈើបន្តិចតួចដើម្បីថតបង្ហោះបង្អួតថ្នាក់លើ ហើយស្ងាត់ទៅវិញឈឹង។

ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ម្សិលមិញ កម្លាំងគណៈបញ្ជារការឯកភាពស្រុករវៀងដឹកនាំដោយអភិបាលស្រុកផ្ទាល់បានចុះទៅបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងប្រតិបត្តិការនោះ អាជ្ញាធរ បានដកហូតវត្ថុតាងជា ឈើអារប្រភេទលេខ២  ក្តា ចំនួន៤,៤៥៥ ម៉ែត្រគូប និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេញ សុខន ភេទប្រុស អាយុ ១៩ឆ្នាំ ដែលបានធ្វើសកម្មភាពរារាំង និងគំរាមសម្លាប់កម្លាំងសមត្ថកិច្ច។

ក្រុមប្រជាពលរដ្ឋ និងអ្នកការពារបរិស្ថាន បានសំណូមពរឲ្យ អភិបាលខេត្តព្រះវិហារ និងរដ្ឋមន្ត្រីក្រសួង រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា គណៈកម្មាធិការជាតិការពារ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ មេត្តាចាត់វិធានការលើបញ្ហាខាងលើនេះឲ្យបានទាន់ពេលវេលាដើម្បីកុំឲ្យវិនាសកម្មព្រៃឈើខ្មែរ នៅតែបន្តកើតឡើងដូចសព្វថ្ងៃនេះ៕(ANN សួន ក្រែង)

ពាក្យទាក់ទង