អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​រុះរើ​សំ​យ៉ាប​ផ្ទះ ដែល​សង់​លយ​លើ​ចិញ្ចើមផ្លូវ​

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 3:59 ល្ងាច
  • 32 Views

រាជធានី​​ភ្នំពេញ​៖ កម្លាំងចម្រុះ​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អាជ្ញាធរ​ខណ្ឌ បាន​ចុះ​ទៅធ្វើ​ការរុះរើ​សំ​យ៉ាប​ផ្ទះមួយ​ចំនួន ដែល​សង់​លយ​លើ​ចិញ្ចើមផ្លូវ ក្នុង​បុរី​លឹម​ឈាង​ហាក់ ស្ថិតក្នុង​ភូមិ​ព្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅវេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សំ​យ៉ាប​ផ្ទះ ដែល​សាងសង់​រំលោភ​លើ​ចំណីផ្លូវ​សាធារណៈ យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន និង​ដាក់​ឥ​វ៉ាន់​នោះ ធ្វើ​ឲ្យ​បាត់បង់​ចិញ្ចើមផ្លូវ​ដែល​ទុក​សម្រាប់​អ្នកដំណើរ​ថ្មើរជើង​, ដើម្បី​ថែរក្សា​ចិញ្ចើមផ្លូវ​ឲ្យ​មាន​សោភ័ណភាព និង​ទុក​សម្រាប់​អ្នកដើរ​ដោយ​ថ្មើរជើង​នោះ ទើប​អាជ្ញាធរ​ចុះ​រុះរើ និង​កាត់ចេញ មិន​ឲ្យ​មាន​តទៅ​ទៀតឡើយ​។​

​ប្រភព​ដដែល​ថា ដោយឡែក​ផ្ទះសំណាក់ មួយ​យីហោ «​ដា​ណាវី​» ក៏បាន​សាងសង់​សំ​យ៉ាប​ផ្ទះ​រំលោភ​មកលើ​ចំណីផ្លូវ​ដែរ តែ​ពេល​កម្លាំងចម្រុះ​ចុះទៅ​រុះរើ​ប្រជាពលរដ្ឋ បាន​សុំ​ឲ្យ​ទុកពេល​ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ដោយ​ខ្លួនឯង​វិញ​។ បន្ទាប់ពី​មានការ​សំណូមពរ​បែបនេះ អាជ្ញាធរ​ក៏បាន​សម្រេច​ទុកពេល​ជូន​ពួកគាត់ ក្នុងការ​អនុវត្ត​រយៈ​ពេល​២៨​ថ្ងៃ ក្នុងការ​រុះរើ​សំ​យ៉ាប​នេះ​ចេញ និង​បាន​ណែនាំ​កុំ​ឲ្យ​អ្នក​ដែល​មិនទាន់​សាងសង់ ឬ​បម្រុង​សង់​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ព្រោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឡើយ​៕

​ដោយ​៖ ខឹម សុផល​