មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 3:16 ល្ងាច
  • 36 Views

​ខេត្តមណ្ឌលគិរី​៖ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល នា​ព្រឹក​ថ្ងៃទី​១៣ កុ​ម្ភះ នេះ បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​ន៏​បន្ត ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មន្ត្រី​ជំនាញ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​។​

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ទីរ​បរិស្ថាន​ខេត្ត មាន​មន្ត្រី​សរុប​ចំនួន ១៤៧​រូប ក្របខណ្ឌ​មន្ត្រីរាជការ ៣៣​រូប ក្របខណ្ឌ​ឧ​ទ្យា​នុ​រក្ស ១០៤​រូប មន្ត្រី​ជាប់កិច្ចសន្យា​១០​នាក់ មាន​ស្រី​៥​នាក់​។

​លោក​ថា មន្ទីរ​បរិស្ថាន​គ្រប់គ្រង​លើ​ដែនជម្រកសត្វព្រៃ​ចំនួន​៥ ក្នុងនោះ​រួមមាន​៖ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ផ្ទៃដី​២៩២,៦៩០​ហិច​តា ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មាន​ផ្ទៃដី​២២២,៥០០​ហិច​តា ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ មាន​ផ្ទៃដី​២១,៩៣៣​ហិច​តា ដែនជម្រកសត្វព្រៃ​ស្រែ​ពក មាន​ផ្ទៃដី​៣៧២,៩៧១​ហិច​តា ដែនជម្រកសត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​(​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​) ៤៨,៣៧៤​ហិច​តា​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​រូបនេះ បាន​បន្តទៀតថា នៅ​ឆ្នាំ​២០១៧​កន្លងទៅ មន្ត្រី​ជំនាញ​ចាប់​ឃាត់​ជន​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន ៥០​នាក់ ផល​អនុផល​ធនធាន​ធម្មជាតិ ឈើមូល​ចម្រុះ ៣៨០​ម៉ែត្រគូប ឈើ​អារ​នឹង​ឈើ​ជ្រុង​ចម្រុះ​ប្រភេទ​៥៧​ម៉ែត្រគូប មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ៨៥៣​គ្រឿង អន្ទាក់​២៦៩២​ខ្សែ​។​ល​។ ដោយ​
​រៀបចំ​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ តាម​និតិ​វិធី​សរុប ១៤៥​ករណី ក្នុងនោះ​រួមមាន​៖ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចំនួន​១០៦​ករណី ពិន័យ​អន្តរកាល​ចំនួន​៣៩​ករណី ចុះ​ទប់ស្កាត់​ការកាប់​រុន​រាន​ដីព្រៃ​ចំនួន ៩​កន្លែង ទំហំ​៤៦​ហិច​តា សង្គ្រោះ​សត្វ​ដំរី​ចំ​នួ​១១​ក្បាល នឹង​ការងារ​ជាច្រើន​ទៀត​។​

​សម្រាប់​ទិសដៅ​បន្ត​ឆ្នាំ​២០១៨ មន្ទីរ​បរិស្ថាន​បាន​៖
-​ត្រៀម​ពង្រឹង​ការ​ទប់​ស្តា​ត់ នឹង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ បង្កើន​កិច្ចសហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​។
-​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​សិប្បកម្ម​អាជីវកម្ម​ដែល​ពុំទាន់​បាន​ចុះ​ត្រួតពិនិត្យ​។​
-​បន្ត​ជម្រុញ​ឲ្យ​អាជីវកម្ម​មក​ធ្វើ​កិច្ចសន្យា​កិច្ចការពារបរិស្ថាន​។​
-​ចុះ​ស្រង់​ព័ត៌មាន​អំពី​ប្រភព​បំពុលបរិស្ថាន ផ្នែក​សេវាកម្ម​ប្រភព​អាជីវកម្ម សត្តឃាតដ្ឋាន កន្លែង​ជុស​ជុល​រថយន្ត​ម៉ូតូ តាម​បណ្តាល​ស្រុក ក្នុង​ខេត្តមណ្ឌលគិរី​៕

​ដោយ​៖ ឌឹ​ម សឿន​