លោក គីម ជុង​អ៊ុន ប្រាប់​ឲ្យ​មន្ត្រី​ខ្លួន​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​កូរ៉េខាងត្បូង

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 3:12 ល្ងាច
  • 100 Views

សារ​ព័ត​មាន​កូរ៉េខាងជើង នៅ​ថ្ងៃ​អង្គារ​នេះ​បានចេញ​ផ្សាយ​ថា លោក គីម​ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​បាន​ណែនាំ​ឲ្យ​គណៈប្រតិភូ​ជាន់ខ្ពស់​បោះជំហានថ្មីៗ ក្នុងការ​ពង្រឹង​ចំណង​ទាក់​ទំនង​អន្តរក្រសួង ជាការ​ប្រាប់​ក្រោយ​ពេលដែល​គណៈប្រតិភូ​នេះ​ទើប​ត្រលប់​មកពី​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង។

សារ​ព័ត​មាន Rodong Sinmun បានចេញ​ផ្សាយ​បែបនេះ នៅ​ទំព័រមុខ ដោយមាន​រូបភាព​លោក​គីម និង​សមាជិក​គណៈប្រតិភូ ដែល​រួមមាន​ទាំង​ប្អូនស្រី​របស់លោក​គឺ គីម យ៉ូ ជុង​ដែរ។

ផ្អែក​តាម​ប្រភព​នេះ ក្រុម​នេះ​បាន​រាយការណ៍​ទៅ​លោក​គីម អំពី​ការជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អ៊ី​ន និង​ក្រុមមន្ត្រីផ្សេងៗទៀត ទាក់ទង​នឹង​ការ​មាន​វត្តមាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នៅ​កូរ៉េខាងត្បូងថ្មីៗនេះ។

លោក គីម បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​កូរ៉េខាងត្បូង​ដែល​ផ្តល់​អាទិភាព​ពិសេស​សម្រាប់​ទស្សនកិច្ច​របស់​គណៈប្រតិភូ ហើយ ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ៕