បង្ក្រាប​ល្បែងស៊ីសង​អាប៉ោង ឃាត់ខ្លួន​មនុស្ស​៨​នាក់​

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 2:25 ល្ងាច
  • 43 Views

ខេត្តបាត់ដំបង​៖ កម្លាំង​អន្តរាគមន៍​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចុះ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អាប៉ោង​ខុសច្បាប់​១​កន្លែង ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៨​នាក់​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​នេះ​ ​នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

​លោក​វរសេនីយ៍ត្រី ឈឿង គឹម​សុង អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ជា​ប្រធាន​ក្រុម​បង្ការ​បង្ក្រាប បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ចំនួន​៨​នាក់ រួមទាំង​វត្ថុតាង រួមមាន​៖ មេ​គ្រាប់​អាប៉ោង​ចំនួន ៣​គ្រាប់ ចាន​បាញ់អាប៉ោង​ចំនួន​១ កម្រាល​សម្រាប់​ចាក់​អាប៉ោង​ចំនួន​១ និង​សម្ភា​រះ​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​បន្ទាប់ពីឃាត់ខ្លួនក្រុម​អ្នកញៀន​លេង​ខាងលើ ​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅការិយាល័យ​ជំនាញ ដើម្បី​អនុវត្តតាម​នីតិវីធី​៕

​ដោយ​៖ រៀម សាលី​