• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • អ្នកនាំពាក្យ​រដ្ឋសភា​ថា ក្រោយ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ ​នឹង​ទទួលទោស​ធ្ងន់

អ្នកនាំពាក្យ​រដ្ឋសភា​ថា ក្រោយ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ ​នឹង​ទទួលទោស​ធ្ងន់

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 10:24 ព្រឹក
  • 52 Views

​រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ថ្ងៃទី​១២ កុម្ភៈ ម្សិលមិញ ថា ក្រោយ​ការធ្វើ​វិសោធនកម្ម មាត្រា​មួយចំនួន នៃ​ក្រមព្រហ្មទណ្ឌ​ ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​មានទោស​ធ្ងន់ធ្ងរ​។​

​ឯកឧត្តម ឈាង វុន ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា (AKP) ថា​ ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ គណៈរដ្ឋមន្ត្រី​បានបញ្ចប់​ការរៀបចំ​រួចរាល់​ហើយ ហើយ​បាន​បញ្ជូនមក​ដល់ដៃ​​រដ្ឋសភា ដើម្បី​សុំ​ការអនុម័ត​ពី​រដ្ឋសភា​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ស្អែក នេះ​។​ ​

ឯកឧត្តម​បន្ថែមថា សេចក្តីព្រាងច្បាប់​នេះ បានកំណត់​ទោស​ធ្ងន់ធ្ងរ​ណាស់ ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ សូម្បីតែ​អ្នក​ខុម​មេន​ (Comments) តាមរយៈ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់គេ ក៏​ទទួល​ទោសទណ្ឌ​ ​ធ្ងន់ធ្ងរ​ដូច​អ្នកសរសេរ​ប្រមាថ​ព្រះមហាក្សត្រ​បង្ហោះ​តាម​Facebook​ដែរ​។​

​បើតាម​អ្នកនាំពាក្យ​រូបនេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ​ឡើង​ ​គឺ​ក្នុង​គោលបំណង​ការពារ​កិត្តិយស​ព្រះមហាក្សត្រ ការពារ​ស្ថាប័ន​សាធារណៈ​ឱ្យ​ដូច​នៅ​ប្រទេស​គេ​ដែរ​។ ដោយ​ថា​ ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​មានទោស​ធ្ងន់ធ្ងរ​ណាស់ ដូច​នៅ ប្រទេស​ថៃ ជាដើម​៕

 

​ដោយ​៖ សរ ខេ​មា​