ក្រសួងពាណិជ្ជកម្ម ផ្ដល់​រង្វាន់​ដល់​អ្នក Like Facebook Page លេចធ្លោ​របស់ខ្លួន

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 9:26 ព្រឹក
  • 38 Views

​រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គឺ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ កាលពី​ថ្ងៃទី​១២ កុម្ភៈ ម្សិលមិញ បានផ្ដល់​រង្វាន់​ដល់​បុរស​ម្នាក់ ដែល​ត្រូវបាន​កំណត់ថា ជា​បេក្ខជន​ជ័យលាភី​លើកដំបូង ដែល​បាន Like Facebook Page របស់ខ្លួន​ច្រើនជាងគេ​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា បេក្ខជន​ជ័យលាភី​ដែលមាន​ឈ្មោះ កៅ ដូច រូបនេះ គឺជា​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​កម្មវិធី​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម តាម​ទូរស័ព្ទ​ចល័ត​ច្រើនជាងគេ ដោយ​ក្នុងនោះ​លោក​មិន​ត្រឹមតែ​ចូលទៅ​មើល​គ្រប់​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​លោក​ថែមទាំង​បាន​ចុច Like និង​ចែករំលែក​ស្ទើរ​គ្រប់​ព័ត៌មាន​ទាំងអស់ នៅលើ​កម្មវិធី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថែមទៀត​។​

ជាមួយ​រង្វាន់​លើកទឹកចិត្ត​មួយចំនួន ឧ​ត្ត​ម ប៉ាន សូរ​ស័ក្តិ ក៏បាន​ធ្វើការ​អំពាវនាវ​ផងដែរ​ដល់​សាធារណជន​ ​ឲ្យ​ធ្វើ​ការទាញយក​កម្មវិធី​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ទៅប្រើ​ប្រាស់​ឲ្យ​បាន​កាន់តែច្រើន​ ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​គ្រប់ៗ​គ្នា​។​

​បើតាម​ក្រសួង​ពាណិជ្ជ​ថា ខ្លួន​បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ព័ត៌មាន​នៅក្នុង Play Store នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android អស់​រយៈពេល​ជិត ៣​ខែ មកហើយ ដើម្បី​ឲ្យ​សាធារណជន​អាច​តាមដាន​រាល់​សេចក្តីជូនដំណឹង និង​សកម្មភាព​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៅក្នុង​ក្រសួងពាណិជ្ជកម្ម​។​

​សូមបញ្ជាក់ថា កម្មវិធី​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម តាម​ទូរស័ព្ទ​ចល័ត គឺជា​គំនិត​ផ្តួចផ្តើម និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​សារ​ធា​រណៈ​របស់​ក្រសួង ដើម្បី​ជំរុញ​លំហូរ​ព័ត៌មាន ទៅ​ដល់ដៃ​សាធារណជន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​
​ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​របស់​សាធារណជន​ឲ្យ​កាន់តែ​ទូលំទូលាយ ឥឡូវនេះ​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង បានដាក់​បញ្ចូល​កម្មវិធី​នេះ​នៅលើ App Store សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ថែមទៀត​, ដូច្នេះ​មិន​ថា​ ​លោកអ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ​អ្វី ក៏​អាច​ទាញយក និង​តម្លើង​កម្មវិធី​នេះ​បានដែរ​ ​ដោយ​គ្រាន់តែ​ចូលទៅ​កាន់​កម្មវិធី App Store ឬ Play Store រួច​ស្វែងរក​ពាក្យ «Ministry of Commerce Cambodia» ដើម្បី​ធ្វើការ​ដោ​ន​ឡូត និង​តម្លើង​ជាការ​ស្រេច​៕

​ដោយ​៖ កែវ រំ​ចង់​