ឃាត់​រថយន្ត​ជិត​៦​ពាន់​គ្រឿង ក្រោម​យុទ្ធនាការ​បង្ក្រាប​រថយន្ត​ត​ទ្រុង​

  • ថ្ងៃ​អង្គារ, 13 ខែ​កុម្ភៈ 2018 9:11 ព្រឹក
  • 70 Views

​រាជធានី​ភ្នំពេញ​៖ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានបង្ហាញ​របាយការណ៍ ជា​លើកដំបូង​របស់ខ្លួន កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស លក្ខណៈ​បច្ចេកទេស​រាជធានី​-​ខេត្ត បានធ្វើការ​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ៥.៧១៤​គ្រឿង ហើយ​។​ ​ក្នុងចំណោម​រថយន្ត​ដែល​ឃាត់​បាន​ទាំងនោះ មាន ៨១​គ្រឿង ត្រូវបាន​កាត់​ទ្រុង​, ៧៦​គ្រឿង ដោះ​រាន​ត​ខាងក្រោយ ៣១០​គ្រឿង រក្សាទុក​នៅតាម​គោលដៅ​នីមួយៗ​នឹង ត្រៀម​កាត់​ទ្រុង​នៅពេល​ឆាប់ៗ​ខាងមុខ​។​

ជាមួយគ្នា​ក៏បាន​រកឃើញ អ្នកបើកបរ​ដែល​គ្មាន បណ្ណ​បើកបរ ៤​នាក់ រថយន្ត​ពាក់​ផ្លាកលេខ ក្លែងក្លាយ​១​គ្រឿង រថយន្ត​គ្មាន​ផ្លាកលេខ​១​គ្រឿង ណែនាំ​រថយន្ត​ដឹក​សំពីងសំពោង ៥២​គ្រឿង ខ្វះ​ឯកសារ​៣៣​គ្រឿង និង​រថយន្ត​​ត្រួតពិនិត្យ​ឃើញថា ត្រឹមត្រូវ ៥,១៥៦​គ្រឿង​។​

​គួរ​បញ្ជាក់ថា យុទ្ធនាការ​បង្ក្រាប​រថ​យន្ត​ត​ទ្រុង​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មាន​បទបញ្ជា​តឹងរ៉ឹង​ជាថ្មីទៀត ពី​សំណាក់​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​៩ កុម្ភៈ ដែលថា នឹង​ឈានដល់​ការដក​តួនាទី ចំពោះ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ បើ​ពុំមាន​វិធានការ ចំពោះ​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស ដែល​នាំ​ឲ្យ​ខូច​ផ្លូវ​នោះ​៕

​ដោយ​៖ កែវ រំ​ចង់​