ស្ថានីយ៍ប្រេង៣ ក្នុងចំណោម៩ ជំនាញរកឃើញថា មិនគ្រប់លីត្រ

  • ថ្ងៃ​អាទិត្យ, 14 ខែ​មករា 2018 6:56 ព្រឹក
  • 119 Views

ខេត្តមណ្ឌលគិរី៖ ស្ថានីយ៍លក់ប្រេងឥន្ធនៈចំនួន៣ ក្នុងចំណោម៩ ដែលមានទីតាំងក្នុងក្រុងសែនមនោរម្យ ត្រូវបានមន្ត្រីជំនាញផ្នែកប្រេងឥន្ធនៈ ពិនិត្យ និងរកឃើញថា លក់ចែកចាយមិនគ្រប់តាមរង្វាស់រង្វាល់ ជាហេតុធ្វើឱ្យអតិថិជនមានការខាតបង់។

ការរកឃើញនូវភាពមិនត្រឹមត្រូវលើស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះ គ្រាដែលសាខាកាំកុងត្រូសហការគ្នាជាមួយមន្ទីរពាណិជ្ជកម្ម បានយករថយន្តមន្ទីរ ពិសោធន៍ប្រេងឥន្ធនៈចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រួលចុះត្រួតពិនិត្យបរិមាណ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណ ភាព និងបរិមាណប្រេងឥន្ធនៈ ធ្វើនៅតាមស្ថានីយ៍ទូទាំងប្រទេស។ ជាក់ស្តែង ការចុះត្រួតពិនិត្យគុណភាព បរិមាណប្រេងឥន្ធនៈ និងដេប៉ូចែកចាយ ទាំង០៩ស្ថានីយ៍ នៅក្នុងក្រុងសែនមនោរម្យនា ខេត្តមណ្ឌលគិរី ពេលនេះ ដោយប្រើប្រាស់ រថយន្តពិសោធន៍ ចល័តផ្នែកប្រេង ឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រួល ដោយបំពាក់ឧបករណ៍វិភាគ និងឧបករណ៍រង្វាស់រង្វាល់ដែលអាចបញ្ជៀសការក្លែងបន្លំបាន។

លោកថា លទ្ធផលនៃការពិនិត្យលើផ្នែកគុណភាព ប្រេងសាំងធម្មតា សាំង ស៊ុបពែ ប្រេងម៉ាសូតលើស្ថានីយ៍ចំនួន៩ គឺត្រឹមត្រូវតាមស្តងដា ដោយឡែកផ្នែកបរិមាណបាញ់ចេញពីទុយោវិញ មានស្ថានីយ៍ចំនួន០៣ ដែល មានកម្រិតលំអៀងពី០៣លីត្រ ទៅ០៥លីត្រ ក្នុង១០០លីត្រ បាញ់ចេញ។

យ៉ាងណាក៏ដោយនោះស្ថានីយ៍ទាំងបីមិនត្រូវបានបង្ហាញអត្តសញ្ញាននោះទេ ត្បិតសមត្ថកិច្ច ជំនាញបានអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះ ធ្វើកិច្ចសន្យាជាលើកទី០១អោយកែប្រែឡើងវិញ ដោយទុកក្នុងរយៈពេល០១ខែទៀត ខាងមន្រ្តីជំនាញនឹងចុះមកពិនិត្យម្តងទៀត។ ប៉ុន្តែបើរកឃើញថាមិនមានភាពប្រក្រតីដដែល ម្ចាស់សា្ថនីយ៍នោះនឹងត្រូវធ្វើការផាកពិន័យ។

ក្នុងប្រតិបត្តការដដែល លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្ត បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយទាំងអស់ ត្រូវពិនិត្យឡើងវិញនូវផ្នែកបរិមាណបាញ់ចេញពីទីយោ ជៀសវាងការ បន្លំ ដើម្បីធ្វើយ៉ាងណា អោយមានតម្លាភាព យុត្តិធម៌ រវាងអ្នកលក់ អ្នកចែកចាយ និង អ្នកប្រើប្រាស់អោយកាន់តែមានទំនុកចិត្ត និងមានការគាំទ្រកាន់តែច្រើនឡើងពីមហាជនផងដែរ៕

ដោយ៖ ឌឹម សឿន