• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • សេត​វិមាន​អាមេរិក​ចេញ​សេចក្តី​ថ្លែង​ការពេញចិត្ត​នឹង​ចិន​ដែល​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង

សេត​វិមាន​អាមេរិក​ចេញ​សេចក្តី​ថ្លែង​ការពេញចិត្ត​នឹង​ចិន​ដែល​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង

  • ថ្ងៃ​សៅរ៍, 13 ខែ​មករា 2018 11:09 ព្រឹក
  • 151 Views

រដ្ឋបាល​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ខ្លួន​ពេញ​ចិត្តនឹង​អ្វីដែល​ចិន​បាន​កាត់បន្ថយ​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ជាមួយ​កូរ៉េខាងជើង នេះ​បើតាម​លោកស្រី Sarah Sanders មន្ត្រីជាន់ខ្ពស់​នៅ​សេត​វិមាន​ចេញ​សេចក្តី​ថ្លែង​ការ​មួយ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

សេចក្តី​ថ្លែង​ការ​នេះ​ត្រូវបាន​ប្រកាស​ក្រោយ​ពេលដែល​រដ្ឋាភិបាល​ចិន​ថា ការនាំ​ចូល​ពី​កូរ៉េខាងជើង​បាន​កាត់បន្ថយ៣៣ភាគរយ ក្នុង​ឆ្នាំ២០១៧ ដែល​កាលពី​ឆ្នាំ២០១៦មាន​ដល់​ទៅ ១.៧២ពាន់​លាន​ដុល្លារ​អាមេរិក។

លោកស្រី Sarah Sanders ថា សកម្មភាព​របស់​ចិន​ដែល​ស្របតាម​កិច្ចប្រឹងប្រែង​ពិភពលោក​ផ្តួចផ្តើមឡើង​ដោយ​អាមេរិក​នោះ​គឺ​នឹងដាក់​សំពាធ​ខ្លាំង​ដល់​កូរ៉េខាងជើង រហូត​ទាល់តែ​ប្រទេស​នេះ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ ផ្លាស់ប្តូរ​ឥរិយាបថ​ឆ្ពោះទៅរក​ការបញ្ចប់​សាយភាយ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ។

សូមបញ្ជាក់ថា ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានដាក់​បំរាម​ដល់​សមាជិក​យូ​អឹ​ន​ទាំងអស់ ពី​ការ​នាំចូល​ទំនិញ ពី​កូរ៉េខាងជើង​រួមមាន​ទាំង ធ្យូង ដែក រ៉ែ និង​អាហារ​សមុទ្រ​ជាដើម៕