​ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ស្រុក​កែវ​សី​ម៉ា​

  • ថ្ងៃ​ព្រហស្បតិ៍, 11 ខែ​មករា 2018 8:38 ព្រឹក
  • 103 Views

​មណ្ឌល​គី​រី​៖ ស្ត្រី​ម្នាក់ នឹង​កុមារ​ចំនួន​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ម៉ូតូ​ប៉ះគ្នា​ជាមួយ​ម៉ូតូ នៅ​ចំនុច​គីឡូម៉ែត្រ​៦៣ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​។​

​ប្រភព​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​បាន​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំនុចកើតហេតុ​ម៉ូតូ​មួយគ្រឿង​ម៉ាក អ៊ិ​ច​សិន​ធ័​រ បាន​ឡើង​វ៉ា​ជែង​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ដែលមាន​ដឹក​ក​ញ្ជេ​ឥ​វ៉ាន់​ពីក្រោយ ក៏​ប៉ះគ្នា​បណ្តាល​ឲ្យ​ដួល​បោក​លើផ្លូវ​ជាតិ​ទាំង​កម្រោល រៀងៗ​ខ្លួន​។​

​ហេតុ​ការ​ណ៏​ខាងលើ​អ្នកបង្ករ​ជិះ​ម៉ូតូ​អ៊ិ​ច​សិន​ធ័​រ ឈ្មោះ អៀង ហៃ ភេទ​ស្រី អាយុ​២៥​ឆ្នាំ បាន​រងរបួស​ក្បាល​ធ្ងន់ ហើយ​មាន​អ្នករួមដំណើរ​បីនាក់​ដែលជា​កូនក្មេង​តូចៗ​១.​ឈ្មោះ អ៊ា​ន ចន្ទ្រា ភេទ​ស្រី អាយុ​៥​ឆ្នាំ រងរបួស​កែងជើង​ស្តាំ​ធ្ងន់ ២.​ឈ្មោះ​អ៊ា​ន ប៉ារីស ភេទ​ស្រី អាយុ​៣​ឆ្នាំ រងរបួស​ស្រាល ៣.​ឈ្មោះ​ម៉េង ហ័​រ ភេទ​ប្រុស អាយ​២​ឆ្នាំ រងរបួស​ស្រាល ទាំង​បួន​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​ចំណែក​ភាគី​ម៉ូតូ​មួយគ្រឿង​ទៀត​មានឈ្មោះ ហ្វា​ង ធី​កុក ហៅ យាយ​ណាំ អាយុ​៦៥​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា រងរបួស​ស្រាល​។​

​សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ​កំពុង​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​៕

អត្ថបទដោយ៖ ឌឹ​ម​សឿន​