សង្ស័យ​មាន​វិបត្តិ​បុរស​ម្នាក់ យក​កាំភ្លើង​ច្នៃ​បាញ់សម្លាប់​ខ្លួនឯង

  • ថ្ងៃ​ព្រហស្បតិ៍, 11 ខែ​មករា 2018 8:39 ព្រឹក
  • 139 Views

ខេត្ត​ប៉ៃលិន​៖ សាកសព​បុរស​ម្នាក់ ត្រូវបាន​គេ​ឃើញ​ដេកស្លាប់ នៅក្នុង​បន្ទប់ ដោយ​គេ​សង្ស័យថា បែក​ថ្នាំញៀន ឬ​មាន​វិបត្តិ​ក្នុង​គ្រួសារ លួច​យក​កាំភ្លើង​ច្នៃ​បាញ់​ក្បាល​ខ្លួនឯង​១​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​រាំង ក្នុងភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ធឿន ថុ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ រស់នៅកន្លែងកើតហេតុ​។ យោងតាម​ការសាកសួរ​ពត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ង៉ែត សុខ​នី អាយុ​៤៧​ឆ្នាំ បាន​ប្រាប់ថា កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​៩ មករា រូបគេ​បាន​សំលេង​ផ្ទុះ​១​គ្រាប់ ដោយ​នឹកស្មានថា ជា​សំលេង​ផាវ​ក្មេង​ដុត​លេង ទើប​មិន​យកចិត្តទុកដាក់ លុះ​ថ្ងៃ​បន្ទាប់​របូត​ដល់​ម៉ោងជាង​៤​ល្ងាច បងស្រី​បង្កើត​ជនរងគ្រោះ បាន​យក​បាយ​សម្លរ ទៅ​ឲ្យ​ប្អូន ទើប​ដឹងថា ជនរងគ្រោះ​បាន​បាញ់សម្លាប់​ខ្លួន​បាត់ទៅហើយ​។​

​ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ បានធ្វើ​កោសល្យ​វិ​ច្ច័​យ ដោយ​អះអាងថា ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន សង្ស័យ​មកពី​បែក​ថ្នាំ ឬ​មាន​វិបត្តិ​ផ្លូវចិត្ត​៕

​ដោយ​៖ ឡោ សុខ​ហៃ​