សព​កូនដំរី​ស្លាប់​នៅ​ខេត្ត​មណ្ឌល​គី​រី បាន​បញ្ជូន​មកដល់​ក្រសួងបរិស្ថាន​

  • ថ្ងៃ​ព្រហស្បតិ៍, 11 ខែ​មករា 2018 8:17 ព្រឹក
  • 154 Views

​នា​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨ មន្ត្រី​នៃ​នាយកដ្ឋាន​ជីវៈចម្រុះ​ក្រសួងបរិស្ថាន បានទទួល​សាកសព​កូន​សត្វ​ដំរី​មួយ​ក្បាល ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្ត​មណ្ឌល​គី​រី នា​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​លោក ម៉េង មុនីរក្ស ប្រធាន​នាយកដ្ឋាន​ជីវៈចម្រុះ បានឱ្យដឹងថា​សាកសព​កូនដំរី​ស្លាប់​នេះ ជា​ដំរី​ឈ្មោល មាន​អាយុ​ប្រហែល​១​ឆ្នាំ ទម្ងន់​ប្រមាណ​ជាង​១០០​គក ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជួបប្រទះ​នៅក្នុង​ព្រៃ​ឬ​ស្សី ដែល​បាន​ជាប់ផុង​មួយ​កំណាត់​ខ្លួន បណ្តាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្ត​មណ្ឌល​គី​រី​។​

​លោក ម៉េង មុនីរក្ស បាន​បញ្ជាក់ដែរថា អ្នកជំនាញ​ក្រសួងបរិស្ថាន នឹង​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​រៀបចំ​ជា​សំណាក​ស្បែក និង​សំណាក​គ្រោងឆ្អឹង តាម​លទ្ធភាព​ធ្វើទៅបាន ដើម្បី​ទុក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ជីវចម្រុះ​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ដំរីព្រៃ​ជា​ថនិកសត្វ​មាន​មាឌធំ​ជាងគេ​បង្អស់​នៅលើ​ភពផែនដី និង​កំពុង​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ដែលជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​លើ​ពិភពលោក​។ តាម​ការ​ការសិក្សា​កន្ល​ង​មក ដំរីព្រៃ​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​ពី​២៥០ ទៅ​៥០០​ក្បាល ហើយ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សេ​ម៉ា មាន​ប្រភេទ​ដំរី​រស់នៅ​ប្រមាណ​១១៥​ក្បាល​៕