ជនជាតិ​វៀតណាម​៨​នាក់ ប្រើ​គ្រឿងចក្រ​ក្រុមហ៊ុន ដួង ស្រួច គ្រុប កាប់​ព្រៃ​ក្នុង​តំបន់​ស្រែ​ពក

  • ថ្ងៃ​ព្រហស្បតិ៍, 11 ខែ​មករា 2018 8:13 ព្រឹក
  • 223 Views

​ខេត្ត​មណ្ឌល​គី​រី​៖ ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ ត្រូវបាន​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ក្នុង​ប្រតិបត្តិការ​មួយ​ដែល​បាន​បង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​ឡៅ ល្មៀត​ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា​។​

​ប្រភព​បាន​ឲ្យ​ដឹងថា អស់​រយៈពេល​ប្រមាណ​ជាង​១​ស​ប្តា​ហ៏​មកហើយ គេ​ឃើញ​មាន​ក្រុម​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ បាន​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ​បី​គ្រឿង ឈូសឆាយ​ដីព្រៃ នឹង​កាប់រំលំ​ដើមឈើ​រាប់ពាន់​ដើម គរ​ទុក​ក្នុងព្រៃ​ជិត​អូរ​ផ្លា​យ ក្នុងភូមិ​សាស្ត្រ​ខាងលើ​។ ជនជាតិ​វៀតណាម​ទាំង​នោះបាន​កាប់​ផ្តួល​ដើមឈើ​រាប់ពាន់​ដើម ដោយ​ប្រើប្រាស់​គ្រឿងចក្រ​បិទ​ស្លាក​ក្រុមហ៊ុន ដួង ស្រួច គ្រុប​។ នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់​បាន​ប្រទះឃើញ​គំនរ​ឈើ​ធំៗ​ចំនួន​៧​កន្លែង មាន​ឈើ​ប្រមាណ​ជិត​មួយ​ពាន់​ដើម ត្រូវបាន​គេ​កាត់​គល់​កាត់​ចុង រាយប៉ាយ​ពេញ​ព្រៃ​។​

​ទោះជា​យ៉ាងណា​រហូតមកដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល អ្នក​សារពត៌មាន​យើង​នៅ​មិនទាន់​បានដឹង​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចំពោះ​ជនជាតិ​វៀតណាម​ទាំង​នៅឡើយ​ទេ​។​

​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​ខេត្តមណ្ឌលគិរី បាន​ថ្លែងថា យើង​នៅ​មិនទាន់មាន​វិធានការ​នោះទេ ចំពោះ​ពួកគេ​ទាំង​៨​នាក់ ដោយ​នៅពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ នឹង​យក​ឯកសារ​នានា​ដែល​មានមក​ផ្ទៀងផ្ទាត់​ថា​តើ​សកម្មភាព​របស់​ក្រុម​ជន​ទាំងនោះ​ខុសច្បាប់​បែបណា​។​

​ចំណែក​លោក សុខ សេ​រ៉ា នាយ​យក​រង​សាលាខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាចម្សិលមិញ​ថា ក្រុមហ៊ុន​ខាងលើ​នោះ​ពិតជា​មានច្បាប់​ដី សម​ប្ប​ទាន​សង្គមកិច្ច​ពិតប្រាកដ​មែន តែ​ការ​ឈូសឆាយ​របស់​ក្រុមហ៊ុន ត្រឹមត្រូវ​តាម​ទីតាំង រឺ​មិន​ត្រឹមត្រូវ​ខ្ញុំ​មិនដឹង​ទេ ចំណែក​ជនជាតិ​វៀតណាម​មក​ធ្វើកា​នោះ​ស្របច្បាប់ រឺ​មិន​ស្របច្បាប​នោះ​ជា​រឿង​ក្រុមហ៊ុន​​ទាក់ទិន​ព៏​ត៌មាន​លម្អិត​នៅ​រាយ​ការ​ណ៏​បន្ថែម​នៅ​ថ្ងៃទី​១១ ខែមករា នេះ​២០១៧ ៕

អត្ថបទដោយ៖ ឌឹ​ម ​សឿន​