កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ចាប់ផ្តើមហើយ​នៅ​រសៀល​ថ្ងៃនេះ

  • ថ្ងៃ​ពុធ, 10 ខែ​មករា 2018 4:07 ល្ងាច
  • 160 Views

កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង​លើក​ទី​២ បានចាប់ផ្តើម​ហើយនៅ​រសៀលថ្ងៃទី១០ មករា​នេះ ដោយ​ប្រទេស​កម្ពុជា ធ្វើជា​សហប្រធាន និង​ជា​ម្ចាស់ផ្ទះ។​

​កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង​រយៈពេល​ពី​រ​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​។​

​តាម​សេចក្តីប្រកាស កិច្ចប្រជុំ​កំពូល​នេះ មាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​ចំនួន ៦​ចូលរួម ដែលមាន​ដូចជា ប្រទេស​ចិន វៀតណាម ឡាវ ភូមា ថៃ និង​កម្ពុជា ។​

​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៦ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹងធ្វើ​ការពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​អនុតំបន់​ទន្លេមេគង្គ ផ្ដោតជាសំខាន់​ទៅលើ​ការតាំង​ចិត្ត​ក្នុង​ការរក្សា​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងអស់​។​

​កិច្ចប្រជុំ​កំពូល​នេះ ក៏​នឹង​ផ្តល់​សារៈសំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​សង្គម របស់​ប្រទេស​អនុតំបន់ ការធ្វើឱ្យ​ប្រសើរឡើង​សុខមាលភាព​ប្រជាជន ការ​បង្រួញ​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​ចំណោម​ប្រទេស ដើម្បី​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ ត្បូង​-​ត្បូង ដើម្បី​រួមចំណែក​បន្ថែមទៀត​ដល់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ របស់ អង្គការសហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕​