• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • នាយករដ្ឋមន្ត្រី​វៀតណាម មាន​សុទិដ្ឋិនិយម ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង នឹង​លើកស្ទួយ​កិត្យានុភាព​កម្ពុជា​ទាំង​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក

នាយករដ្ឋមន្ត្រី​វៀតណាម មាន​សុទិដ្ឋិនិយម ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង នឹង​លើកស្ទួយ​កិត្យានុភាព​កម្ពុជា​ទាំង​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក

  • ថ្ងៃ​ពុធ, 10 ខែ​មករា 2018 3:08 ល្ងាច
  • 237 Views

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ច​ប្រ​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។​

​ឯ​.​ឧ អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ប្រាប់​អ្នក​សារពត៌មាន ក្រោយ​ជំនួប​នោះ​ថា ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម បាន​គោរព​សំដែង​នូវ​អំណរគុណ​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​ក៏បាន​ជម្រាប​សម្ដេច​តេ​ជោ​ថា ឯកឧត្តម សូម​សំដែង​នូវ​ការអបអរ សាទរ​យ៉ាងខ្លាំង​ជាទីបំផុត ចំពោះ​កម្ពុជា ដែល​បានទទួល​កំណើនសេដ្ឋកិច្ច​សង្គម​បាន​យ៉ាង​ល្អ ហើយ ក៏​កំពុង​តែមាន​សន្តិភាព និង​ស្ថេរភាព​ពេញលេញ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការធ្វើជា ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​នេះ ឯកឧត្តម មាន​សុទិដ្ឋិនិយម​ថា នឹង​បានទទួល ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ហើយ​លើសពីនេះទៅទៀត​នោះ នឹង​លើកស្ទួយ​កិត្យានុភាព​កម្ពុជា ទាំង នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក។

​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​សម្ដែង​សេចក្ដី​រីករាយ និង​អបអរ សាទរ អំពី​ទ​ហំ​ពា​ណី​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​កើនឡើង​រហូតដល់ ៣,៨​ពាន់​លាន​ដុល្លារ អាមេរិក បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ គឺ​កើនឡើង​ប្រមាណ ២៥%​។ ក្នុង​នេះដែរ ឯកឧត្តម ង្វៀន ស៊ួ​ន​ហ្វ៊ុ​ក បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ​ថា វៀតណាម​បាន​នាំ​ទំនិញ​កសិផល​កម្ពុជា មាន ជាង ១​ពាន់​លាន​ដុល្លារ។​

ជាការ​ឆ្លើយតប សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ បាន​ស្វាគមន៍​ចំពោះ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក ដែល​បាន​អញ្ជើញ​មក​ចូលរួម​សន្និសីទ​មេគង្គ​-​ឡាន​ឆាង​នេះ ហើយ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ និង​បាន​មានប្រសាសន៍ថា ការចូលរួម​របស់​ឯក​ឧត្ដម ង្វៀន សួន​ហ្វ៊ុ​ក នឹង​ពង្រីក ង​ពង្រឹង​កិច្ចសហការ កាន់តែខ្លាំង​ឡើង​ថែមទៀត ជាពិសេស ធ្វើ​ឲ្យ​កិច្ចប្រជុំ​កំពូល​នេះ ទទួលបាន​ជោគជ័យ​ជាមិនខាន។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​ចាប់ ផ្តើមឡើង​នៅ​វិមាន​សន្តិភាព នៅ​៤​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ ឯ​.​ឧ លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ធ្វើជា​សហប្រធាន ។ កិច្ចប្រជុំ​នេះ ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​ឡាវ​, អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​, នាយករដ្ឋមន្ត្រី​ថៃ និង នាយករដ្ឋមន្ត្រី​វៀតណាម។​

​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នេះ នឹងធ្វើ​ឡើង​ក្រោម​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៦ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹង​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ ដើម្បី​អភិវឌ្ឍន៍​អនុតំបន់​ទន្លេមេគង្គ ផ្តោតជាសំខាន់​ទៅលើ​ការតាំង​ចិត្ត ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​នៃ​អនុតំបន់​ទន្លេមេគង្គ​៕​