ឈ្មួញ​បង្កង​នៅ​ខេត្តតាកែវ ត្អូញត្អែរ​ពី​ការថយចុះ​បង្កង​ធម្មជាតិ

  • ថ្ងៃ​ពុធ, 10 ខែ​មករា 2018 9:51 ព្រឹក
  • 98 Views

​ខេត្តតាកែវ​៖ ក្រុម​ឈ្មួញ​ដែល​ប្រមូល​ទិញ​បង្កង​ទឹកសាប​ធម្មជាតិ​ ​ពី​ប្រជា​នេសាទ នៅក្នុង​ខេត្តតាកែវ កាលពីពេល​ថ្មីៗ​នេះ​
​បាន​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​ទិន្នផល​បង្កង​ធម្មជាតិ ដែល​ធ្វើអោយ​ពួកគាត់​ពិបាក​ក្នុង​ការប្រមូលទិញ​។ ជាការ​ត្អូញត្អែរ ខណៈដែល​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​បានលើកឡើង​ ​ពី​ការកើនឡើង​នូវ​ទិន្នផល​បង្កង​ធម្មជាតិ​ប្រមាណ​២០​ភាគរយ​នោះ​។​

​ក្រុម​អ្នកប្រមូល​ទិញ​បង្កង​ទាំងនោះ បាន​លើកឡើងថា​ ​បច្ចុប្បន្ន​បង្កង​ធម្មជាតិ​នៅក្នុង​ខេត្តតាកែវ បាន​ធ្លាក់ចុះ​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​។​ ​ដោយ​ពួកគាត់​ថ្លែងថា ក្នុង​មួយថ្ងៃ​ពួកគាត់​ម្នាក់ៗ​ដើរ​ប្រមូល​ទិញ​បង្កង​ ​ពី​ប្រជា​នេសាទ​បាន​យ៉ាងច្រើន​ត្រឹម ៥​ទៅ​១០​គីឡូក្រាម​ប៉ុណ្ណោះ​។​ ​ហើយ​បើ​សរុបទៅ​ឈ្មួញ​ដែល​ប្រមូល​ទិញ​បង្កង​ធម្មជាតិ ពី​ប្រជា​នេសាទ នៅក្នុង​ខេត្តតាកែវ​
​មាន​មិន​ដល់​១០​នាក់​ផង ខុសពី​ឈ្មួញ​បង្កង​ជនជាតិ​វៀតណាម​ ​ដែលមាន​ច្រើន​រាប់មិនអស់ នៅ​ផ្សារណាត់ ក្នុង​ទី​រួម​ខេត្តតាកែវ​។​

​ជាមួយគ្នា​ពួកគាត់ ក៏បាន​ភ្ជាប់​មូលហេតុ ដែល​នាំ​ឲ្យ​បង្កង​ធម្មជាតិ​ថមថយ​ផងដែរ​ ​ដោយ​ចោទ​ទៅលើ​អាជ្ញាធរ​ថា បាន​បើកដៃ​អោយ​ជនជាតិ​វៀតណាម មក​ធ្វើ​ការនេសាទ​ ​ចាប់ពី​រដូវ​បិទ​នេសាទ រហូតដល់​ទឹក​រីង​អស់ពី​ស្ទឹង បឹង ព្រែក ទើប​ពួកគេ​ត្រឡប់​ទៅវិញ​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​ ​បាន​ឲ្យ​ដឹងថា លោក​ក៏​បានឮ​ក្រុម​ឈ្មួញ​ត្អូញត្អែរ​ពី​ការប្រមូលទិញ​បង្កង​ធម្មជាតិ បាន​តិចតួច​នេះដែរ​ ​តែបើ​តាម​ការធ្វើ​ស្ថិតិ​អោយដឹងថា ទិន្នផល​បង្កង​ក្នុង​ឆ្នាំ​២០១៧
​មាន​ប្រមាណ​ជាង​៨០​តោន ដែល​កើនឡើង​ជាង​រាល់​ឆ្នាំ​ជាង​២០​ភាគរយ​ ​ហើយ​ការធ្វើ​ស្ថិតិ​នេះ គឺ​លោក​ធ្វើ​ទៅលើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ ​របស់​ប្រជា​នេសាទ​។​

​ពាក់ព័ន្ធ​ការ​នាំចូល​បង្កង​ពី​ប្រទេស​វៀតណាម​ ​លោក​ទទួលស្គាល់ថា ពិតជា​មានការ​នាំចូល​មក​លក់​លើ​ទីផ្សារ​ក្នុង​ខេត្តតាកែវ មែន​ ​តែ​បង្កង​ដែល​នាំចូល​នោះ​មានច្បាប់ គឺ​យោងតាម​ច្បាប់​ដឹក​ត្រី (​ពែ​កមី​)៕

​ដោយ​៖ ស្រ៊ុន សិ​ដ្ឋ​