តើ​ទឹកដោះ​ម្តាយ មាន​លក្ខណៈពិសេស​យ៉ាងណា ?

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 8:55 ព្រឹក
  • 70 Views

​ដើម្បី​បាន​យល់​អំពី​គុណភាព​នៃ​ទឹកដោះ ត្រូវ​យល់ថា​សុដន់​ស្ត្រី ដែលជា​ប្រភព​ទាក់ទាញ និង​តំណាង​លម្អ​សម្គាល់​កាយ​ស្ត្រី​។ ៨០% នៃ​សុដន់​គឺជា ជាលិកា​ខ្លាញ់ ដែល​គេ​យកមក​ផ្គុំ​នៅ​សាច់ដុំ​ត្រង់​ដើមទ្រូង​។ សុដន់​ព័ទ្ធ​ជិត​ដោយ​ស្រទាប់​ជាលិកា​ទម្រ ដែល​ជាលិកា​ខ្លាញ់ និង​នៅ​ពីលើ​គឺជា​ក្រពេញ​ផលិត​ទឹកដោះ ព្រមទាំង​បំពង់​បង្ហូរ​ទឹកដោះ​ប្រទាក់ក្រឡា​គ្នា ជា​សរសៃ​រវាម សម្រាប់​នាំ​ទឹកដោះ​មក​បំពង់​ធំ​ដែល​ប្រជុំគ្នា​នៅ​ក្បាលដោះ​។

បើ​ក្រពេញ​នេះ​ច្រើន នោះ​អ្នកជា​ម្តាយ​នឹងមាន​ទឹកដោះ​ច្រើន​។ មិនមែន​ទំហំ​នៃ​សុដន់​ទេ​ជា​កំណត់​បរិមាណ​ទឹកដោះ​។​
​នៅពេល​មាន​ផ្ទៃពោះ អ័​រមូ​ន​ផ្លូវ​ភេទស្ត្រី œstrogènes និង progestérone ធ្វើការ​អភិវឌ្ឍ ពង្រីក​បំប៉ោង​បំពង់​បង្ហូរ​ទឹកដោះ​។ ហេតុដូច្នេះ​ហើយ​បាន​សុដន់​ស្ត្រី ឡើង​ប៉ោង​ធំ​។ រហូត​ទាល់តែ​ដល់​ខែ​ទី​៥ ទើប​សុដន់​ស្ត្រី​ផ្តើម​ផលិត​ទឹកដោះ ដោយមាន​ជំនួយ​ពី​អ័​រមូ​ន​ម្យ៉ាងទៀត នៅ​ខួរក្បាល​។​

​ប៉ុន្តែ​ក្នុងដំណាក់កាល​នេះ ស្ត្រី​មាន​ទឹកដោះ​មែន ប៉ុន្តែ​ដោះ​ពុំទាន់​ឡើង​ទេ​។ ទឹកដោះ​ស្ត្រី ក៏​មិនទាន់​អាច​បំបៅ​បាន ! ជា​ទឹកដោះ​បឋម មានឈ្មោះ​បច្ចេកទេស​ថា colostrum និង​ពុំ​សូវ​សម្បូរ​ជីរ​ជាតិ​ទេ​។​

​ក្រោយ​សម្រាលកូន​រួច ទើប​ក្រពេញ​ទឹកដោះ​ចាប់​ផ្តើមធ្វើ​សកម្មភាព ដើម្បី​ផលិត​ទឹកដោះ​។ អ័​រមូ​ន​ថ្មី​មួយទៀត ជា​អ្នក​ជួយ​សម្រួល និង​ទ្រទ្រង់​ការបញ្ចេញ​ទឹកដោះ​។​

​ទឹកដោះ​ម្តាយ​មានគុណ​ប្រយោជន៍​ច្រើនយ៉ាង​ខ្លាំងណាស់​។ ទីមួយ គឺ​ទឹកដោះ​ម្តាយ​ឆ្លើយតបបាន​ទៅនឹង​សេចក្តីត្រូវការ​ផ្នែក​អាហារូបត្ថម្ភ​របស់​ទារ​ក យ៉ាង​ប្រពៃ​បំផុត ព្រោះ​ល្បាយ​ទឹកដោះ ប្តូរ​ប្រែ​រហូត​ជា​រៀងរាល់​សប្តាហ៍ ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការលូតលាស់​របស់​ទារ​ក​។​
​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​សារធាតុ​ក្លុយស៊ីត គឺ​ស្ករ​ដើម្បី​ជា​ថាមពល និង​ខ្លាញ់​។

មាន​ផ្ទុក​យ៉ាងតិច​តួច​នូវ​សារធាតុ​ប្រូ​ទី​ត ដែល​ក្រពះ​ទារក​ពិបាក​នឹងធ្វើ​ការរំលាយ​។ ថ្វីបើ​ទឹកដោះ​ម្តាយ​មាន​ជាតិ​កាល់ស្យូម​តិចជាង​ទឹកដោះគោ​ឆុង តែ​ទឹកដោះ​ម្តាយ​ងាយ​ជម្រាប​ចូលទៅ​ចិញ្ចឹម​សព៌ាង្គកាយ​ទារក​ណាស់​។​

​ទឹកដោះ​ម្តាយ​សម្បូរ​ខ្លាំង​ទៅ​អង្គ​ប​ដិ​បក្ស ធាតុ​សម្រាប់​ការពារ​ខ្លួន ដែល​អនុញ្ញាតឱ្យ​ទារក និង​កុមារ អាច​ប្រយុទ្ធ​ប្រឈម​នឹង​ការចម្លង​រោគ​ផ្សេងៗ​។ ជាងនេះទៅទៀត ទឹកដោះ​ម្តាយ​ជា​ទឹកដោះ​បរិសុទ្ធ​គ្មាន​មេរោគ មាន​កម្តៅ​ល្មម ងាយ​រំលាយ និង​មិន​បង្កឱ្យមាន​អាកា​រៈអា​ល់​ឡែក​ហ្ស៊ី​ទេ​។

ស្ករ​ទឹកដោះ ជា​សារធាតុ​ម្យ៉ាង ដែល ជា​ញឹកញាប់ ក្មេង​និង​ទារក​ភាគច្រើន​ច្រើន ពិបាក​ទទួល អាចជួយ​សម្រួល​ការលូតលាស់​នៃ​ពពួក​បាក់តេរី​នៅក្នុង​ពោះវៀន ដូច្នេះ​មានន័យថា​បាន​ជួយ​សម្រួល​ការរំលាយ​អាហារ​។ ការបោះ​ទឹកដោះ​ម្តាយ ដូចជា​បង្រៀន​កូន​ឱ្យបាន​ស្គាល់​រសជាតិ​អាហារ បន្លែ ត្រី​សាច់ ផ្សេងៗ ដែល​ស្ត្រី​ជា​ម្តាយ​បានទទួល​ទាន​៕