​អត្ថន័យ​នៃការអុជ​ធូប​តាម​សរសៃ​ធូប​

  • ថ្ងៃ​ព្រហស្បតិ៍, 11 ខែ​មករា 2018 6:54 ព្រឹក
  • 577 Views

​ការ​បន់ស្រន់​បួងសួង​របស់​ប្រជាជន​ខ្មែរ គឺ​ប្រើប្រាស់​ធូប តែ​ប្រើ​ប៉ុន្មាន​សរសៃ​ក្នុង​កម្មវិធី​អ្វី ដើម្បី​អ្វី និង​តំណាង​ឲ្យ​អ្វីមួយ​នោះ ពិតជា​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ពី​អត្ថន័យ​តាម​សរសៃ​ធូប​ដែល​អុជ​។​

​យោងតាម​ឯកសារពិគ្រោះ​របស់​ព្រះគ្រូ​ឧត្ដម​មុនី តែ គឹម​លីន (​វត្ត​បទុម​វ​ត្តី​) អ្នកស្រី កែវ ណា​រុំ​, លោក​ម៉ៅ ចាន់ថន ដែល​បង្ហាញ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​មន្តអាគម​ខ្មែរ បានដឹងថា​ក្រិ​ត្យ​ក្រម​នៃ​ការអុជ​ធូបមាន​ដូចតទៅ​៖

-​ការអុជ​ធូប ១ សរសៃ តំណាង​ឲ្យ​ការ​រំលឹក​គុណគ្រូ និង​តួខ្លួន​។​
-​ការអុជ​ធូប ២ សរសៃ តំណាង​ឲ្យ​គុណមាតា​បិតា​។​
-​ការអុជ​ធូប ៣ សរសៃ គឺ​បូជា​ព្រះ​រតនត្រ័យ​ដែលមាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​មាតាបិតា និង​គុណគ្រូ​។​
-​ការអុជ​ធូប ៤ សរសៃ តំណាង​ឲ្យ​ធាតុ​ទាំង​៤ (​ទឹក ដី ភ្លើង ខ្យល់​)​។​
-​ការអុជ​ធូប ៥ សរសៃ គឺ​បូជា​ព្រះ​ទាំង ៥​អង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ (​មាន់​) ព្រះ​កោ​នាគ​មនោ (​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណ​គោត្ត​ម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​)​។​

-​ការអុជ​ធូប ៧ សរសៃ គឺ​បូជា​ញាតិ​ទាំង​ប្រាំពីរ​សន្តាន មាន​៖ ថ្នាក់លើ​ខ្លួន​បី​ជាន់​គឺ ឪពុកម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង​ថ្នាក់ក្រោម​យើង​បី​ជាន់​គឺ កូន ចៅ ចៅទួត និង​បូក​រួមទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន​។​
-​ការអុជ​ធូប ៩ សរសៃ គឺ​បូជា​ទេវតា ដែល​ថែរក្សា​ទិស​ទាំង​ប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ​។​
-​ការអុជ​ធូប ១១ សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង ១១​។​

-​ការអុជ​ធូប ១២ សរសៃ គឺ​បូជា​គុណ​ម្ដាយ ១២ ឬ​គុណ​ធាតុ​។​
-​ការអុជ​ធូប ១៩ សរសៃ គឺ​សម្រាប់​ពិធី​ហៅ​ព្រលឹង (​មនុស្ស​មានព្រលឹង ១៩ រួមទាំង​ព្រលឹង​ធំ និង​ព្រលឹង​តូច​)​។​
-​ការអុជ​ធូប ២១ សរសៃ គឺ​បូជា​គុណ​ឪពុក​។​
-​ការអុជ​ធូប ៣៣ សរសៃ គឺ​បូជា​គុណ​ឪពុកម្ដាយ​៕​