កាត់ទោស​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​២​នាក់ រឿង​ពុករលួយ​

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 4:22 ល្ងាច
  • 102 Views

​រាជធានី​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក លាង សំណាត់ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​កាត់ទោស នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​ពី​អាជីវករ​ដោយ​ខុសច្បាប់​។​

​លោក ខាំ សុ​ផា​រី ជា​តំណាង​អយ្យការ​បាន ចោទប្រកាន់​ជនជាប់ចោទ ទី​១.​ឈ្មោះ ហ៊ុយ ហឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ តួនាទី​ជា​នាយរង​ផ្នែក​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ ប្រហែល​ការិយាល័យ​កម្មសិទ្ធិបញ្ញា​(​ក​៣) នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​ទី​២.​ឈ្មោះ ឯម កុសល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​នៅក្រៅ​ឃុំ​) តួនាទី​ជា​នគរបាល​ការិយាល័យ​កម្មសិទ្ធិបញ្ញា​(​ក​៣) នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ពីបទ​វីតិក្រម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង​កាហ្វេ តាម​បណ្តោយ​ផ្លូវ​៩៨ កែង​នឹង​ផ្លូវ​ព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ យោងតាម​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី ការប្រឆាំង​អំពើពុករលួយ និង​មាត្រា​៥៩២ និង​មាត្រា​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្នុង​សវនាការ​ជនជាប់ចោទ​ឈ្មោះ អែម កុសល បាន​បដិសេធថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ឡើយ​។ ប៉ុន្តែ​បើ​យោងតាម សេចក្តីប្រកាស​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា ជនជាប់ចោទ​ឈ្មោះ ឯម កុសល មាន​ឋានន្តរសក្តិ​វរសេនីយ៍ទោ មន្ត្រីនគរបាល​ប្រឆាំង បទល្មើស ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​ទារប្រាក់​ខុសច្បាប់​នេះ​ផងដែរ​។​

ចំណែក​ជនជាប់ចោទ​ឈ្មោះ ហ៊ុយ ហឿន បាន​ឆ្លើយ​ប្រាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា ខ្លួន​និង​ជនជាប់ចោទ​ឈ្មោះ ឯម កុសល បាន​ដើរ​យកលុយ​ខែ​ខុសច្បាប់​ជា​អាជីវករ ជា​ម្ចាស់​សហគ្រាស និង​ក្រុមហ៊ុន នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​ជាង​១០០​កន្លែង ដោយបាន​លុយ​ប្រមាណ​ពី ២,០០០​ទៅ​៣,០០០​ដុល្លារ ក្នុង​មួយខែៗ​។

​ទោះជា​យ៉ាងណា សំណុំ​រឿងនេះ ត្រូវ​តុលា​ការលើក​ពេល​ទៅ​ប្រកាស​សាលក្រម​នៅ​រសៀល ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខ​វិញ​៕

​ដោយ​៖ ឡុ​ក សំរិត​