ទាព្រៃ​ស្លា​បស ២​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 8:58 ព្រឹក
  • 67 Views

​ខេត្តព្រះវិហារ​៖ សត្វ​ទាព្រៃ​ស្លាប​ស​ចំនួន​២​ក្បាល ត្រូវបាន​គេ​ជួយសង្គ្រោះ​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ខេត្តព្រះវិហារ ខណៈដែល​ពួកវា​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​មាន​ភាពទន់ខ្សោយ និង​មិនអាច​ហោះហើរ​បាន​។​

ទាព្រៃ​ស្លាប​សទាំង​២​ក្បាល​នេះ ត្រូវបាន​ក្រុម​អ្នក​អភិរក្ស នៃ​ក្រសួងបរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) ប្រគល់​ទៅ​ឲ្យ​ក្រុមការងារ​របស់​មជ្ឈមណ្ឌល អង្គរ​សម្រាប់​ការអភិរក្ស ជីវចម្រុះ​ ​ខេត្តសៀមរាប ដើម្បី​ពិនិត្យ និង​មើលថែរក្សា​រហូតដល់​ពេល​ពួកវា​ជាសះស្បើយ និង​អាច​រស់នៅក្នុង​ធម្មជាតិ​វិញ បាន​ទើប​លែង​ទៅក្នុង​ព្រៃ​វិញ​។​

​អង្គការ WCS បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​៦ ​ខែធ្នូ ឆ្នាំ​២០១៧ ថា ទាព្រៃ​ស្លា​បស ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង គ្រោះ​ជិត​ផុត​ពូជ​នៅលើ សាកលលោក​។ ចំនួន​របស់​ពួកវា​បាន​បន្ត​ធ្លាក់ចុះ​យ៉ាងខ្លាំង តាមរយៈ​ការបាត់បង់​ទីជម្រក ការរំខាន​នៅតាម​ដងព្រែក និង​ការ​បរបាញ់​ជាដើម​។​ ​ជាមួយគ្នានេះ ចំនួន​ទាព្រៃ​ស្លា​បស នៅលើ​សាកលលោក​នេះ មាន​ចន្លោះ​តែ​ពី​២៥០-១០០០​ក្បាល​ប៉ុណ្ណោះ​។ ក្នុងនោះ​តិចតួច រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​។​

​លោក រស់ វ៉ាន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព នៃ​ក្រសួងបរិស្ថាន បាន​និយាយថា “​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អ្នកភូមិ ក្រុម​អ្នក​អភិរក្ស របស់​មន្ទីរ​បរិស្ថាន និង​អង្គការ​WCS បានធ្វើ​ដំណើរ​ទៅកាន់​ភូមិ​ឈូក ស្រុក​គូ​លេន ខេត្តព្រះវិហារ ដើម្បី​ទទួលយក​ទាព្រៃ​ស្លាប​សទាំង​២​ក្បាល​នេះ​ ​ហើយ​ប្រគល់​បន្ត​ឱ្យ​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​ ​ដើម្បី​យកទៅ​មើលថែរក្សា​មួយរយៈ​ពេល​ខ្លី រហូតដល់​វា​មាន​កម្លាំង ដូច​ធម្មតា ទើប​លែង​ទៅក្នុង​ធម្មជាតិ​វិញ​បាន​”​។​

​លោក​បាន​បន្តថា “​ការអប់រំ​ប្រជា​សហគមន៍​ឱ្យដល់​ដឹង​អំពី​ការងារ​អភិរក្ស​សត្វព្រៃ បាន​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​ផ្តល់ព័ត៌មាន​អំពី សត្វព្រៃ​មកកាន់​ក្រុម​អ្នក​អភិរក្ស​។ ប្រសិនបើ​ពួកគាត់​មិនបាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការងារ​អភិរក្ស​សត្វព្រៃ​ទេនោះ ពួកគាត់​ប្រហែលជា​យក​ទាព្រៃ​ស្លាប​សទាំង​២​នេះ ទៅ​បរិភោគ ឬ​លក់​បាត់​ហើយ​”​។​

​សូមបញ្ជាក់ថា តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ក្នុង​ខេត្តព្រះវិហារ ដែល​រួមបញ្ចូល​ទាំង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​ឆែប​ផងដែរ​នោះ គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ ស្លាប​ប្រភេទ​រងគ្រោះ​ជា​សាកល​ជាច្រើន​ប្រភេទ​។ សត្វ​ស្លាប​ទាំងអស់នោះ រួមមាន​៖ ​ទាព្រៃ​ស្លា​បស ត្រ​យ៉ង​យក្ស ត្រ​យ៉ង​ចង្កំ​កស និង​សត្វ​ត្មាត​០៣​ប្រភេទ​ ​ដែល​វា​សុទ្ធតែជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សាកលលោក​៕

​ដោយ​៖ ANN​