ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​បង្ខំ​ក្មេង​ដើរ​សុំទាន នៅ​ក្រុង​ប៉ោយប៉ែត​

  • ថ្ងៃ​ពុធ, 22 ខែ​វិច្ឆិកា 2017 9:59 ព្រឹក
  • 83 Views

​ខេត្តបន្ទាយមានជ័យ​៖ កាលពី​រសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ម្សិលមិញ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ករណី​បង្ខំ​ក្មេងៗ​ដើរ​ឲ្យ​សុំទាន​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ថា មាន​កុមារ​រងគ្រោះ​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ដើរ​សុំទាន នៅ​តំបន់​ប៉ោយប៉ែត កម្លាំង​ជំនាញ បាន​ចុះ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​ហើយ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ឈ្មោះ ចូ​ច គង់ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ និង​ឈ្មោះ ឈៀង វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទាំង​២​នាក់ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​បាន​រំដោះ​ក្មេងប្រុស​ស្រី​ចំនួន​១១​នាក់ ពី​ការបង្ខំ​របស់​ជនសង្ស័យ ហើយ​ក្មេងៗ ទាំងនោះ បាន​ប្រាប់ថា ពួកខ្លួន​ត្រូវបាន ជនសង្ស័យ​បង្ខំ​ឲ្យ​ដើរ​សុំទាន ដោយ​បំបែក​គ្នា​ខ្លះ ដើរ​សុំ​នៅក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ខ្លះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ខ្លះទៀត នៅក្នុង​បរិវេណ​កាស៊ីណូ ហើយ​ជនសង្ស័យ​បានកំណត់​ឲ្យ​ពួកគេ ក្នុង​១​ថ្ងៃ​ម្នាក់ ត្រូវ​សុំទាន​ឲ្យ​បាន​ប្រាក់​៥​ម៉ឺន​រៀល ទើប​ឲ្យ​បាយ​ហូប បើ​មិនបាន​តាម​កំណត់​ពួកគេ​នឹងត្រូវ​អត់បាយ​ញ៉ាំ​។​

​លោក​បន្តថា ក្រោយ​ឃាត់ខ្លួន និង​សាកសួរ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​អាវុធហត្ថ​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

​ដោយ​៖ សម្បត្តិ សីហា​