• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • រដ្ឋបាលខេត្ត​បាត់ដំបង សាងសង់​ផ្លូវ​ឡូរី​ជើងភ្នំ​ប្រាសាទ​បាណន់ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​

រដ្ឋបាលខេត្ត​បាត់ដំបង សាងសង់​ផ្លូវ​ឡូរី​ជើងភ្នំ​ប្រាសាទ​បាណន់ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 10:39 ព្រឹក
  • 64 Views

​ខេត្តបាត់ដំបង​៖ ដោយ​មើលឃើញ​ពី​កំណើន​វិស័យ​ទេសចរណ៍ មានការ​កើនឡើង​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រដ្ឋបាលខេត្ត​បាត់ដំបង និង​រដ្ឋបាល​ស្រុក​បាណន់ សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ បាន​សាងសង់​ផ្លូវ​ឡូរី​១​ខ្សែ នៅ​ជើងភ្នំ​ប្រាសាទ​បាណន់ ដើម្បី​លើកស្ទួយ​អោយ​វិស័យ​ទេសចរណ៍​បន្ថែមទៀត​។​

​លោក ជុំ ញ៉ អភិបាលស្រុក​បាណន់ បាន​មានប្រសាសន៍ថា ដោយ​រយៈពេល​កន្លងមក​វិស័យ​ទេសចរណ៍ មានការ​កើនឡើង​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពិសេស​វិស័យ​ទេសចរណ៍​ផ្លូវដែក ដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​នឹង​កំពុង​ពេញនិយម​នាំគ្នា​ទៅ​ជិះ​ឡូរី (​គ្រែ​ហោះ​) លំហែកាយ និង​មើល​ទេសភាព​រាល់ថ្ងៃ​, ដោយ​ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​ពិសេស​ខាង​ក្រសួង​សាធារណៈការ បាន​រុះរើ​ផ្លូវ​ធ្វើ​ថ្មី ទើប​រដ្ឋបាល​ខេត្តបាត់ដំបង និង​រដ្ឋបាល​ស្រុក​បាណន់ សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រៀបចំ​ស្ថាបនា​សាងសង់​ផ្លូវដែក​ថ្មី ដើម្បី​បំរើអោយ​វិស័យ​ទេសចរណ៍​កុំ​ឲ្យ​បាត់បង់​។​

​លោក បាន​បន្តថា ក្រោយពី​ធ្វើការ​ប្រជុំ​រវាង​រដ្ឋបាល​ខេត្ត និង​រដ្ឋបាល​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​រួចមក ភាគី​ទាំងអស់​បានសម្រេច​ឯកភាពគ្នា​យក​ជួរ​ជើងភ្នំ​បាណន់​ធ្វើ​ទីតាំង ដោយ​គម្រោង​លើក​ទី​១.​សាងសង់​ចាប់ពី​ចំណុច​ជើងភ្នំ​បាណន់​ខាងត្បូង​សាលា​អនុវិទ្យាល័យ​បាណន់ ទៅដល់​ចំណុច​ភូមិ​សៀម ដែល​ជ​អតីត​ភូមិ​សៀម​កាលពី​សម័យ​លោក​ម្ចាស់ មាន​ប្រវែង​៤,០០០​ម៉ែត្រ ចាប់ធ្វើ​ពី​ពាក់កណ្ដាល​ខែតុលា ហើយ​រួចរាល់​នៅមុន​ខែមករា ខាងមុខនេះ​។​

​លោក​ថា ការដែល​ក្រុមការងារ​បានជ្រើសរើស​យក​ទីតាំង​ជួរ​ជើងភ្នំ​បាណន់​សាងសង់​ជា​ផ្លូវ​ឡូរី​នេះ ដោយសារ​ទីតាំង​មួយ​នេះ គឺជា​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ មាន​ប្រាសាទបុរាណ​រំលេច​ទៅដោយ​ក្បូរ​ក្បាច់រចនា ពិសេស​សំបូរបែប​ទៅដោយ​ល្អាង​ជាច្រើន និង​មាន​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​ផងដែរ​។

​លោក​បញ្ជាក់ថា ក្រោយពី​បញ្ចប់​នូវ​គម្រោង​ទី​១ រួចរាល់​ហើយ ក្រុមការងារ​នឹង​បន្ត​គម្រោង​ទី​២ ដោយ​សាងសង់​ចេញពី​ល្អាង​ជួរ​ភ្នំ​បាណន់​រប​តាម​ជើងភ្នំ​ជា​បន្តបន្ទាប់​ទៀត ដែលមាន​ល្អាង​ភ្នំ​រំសាយសក់​-​ល្អាង​ភ្នំ​ជី​ហង្ស និង​បន្តទៅ​ល្អាង​ភ្នំ​សំពៅ ដែលមាន​ចម្ងាយ​ផ្លូវដែក​ប្រវែង​ប្រហែល​២៣​គីឡូម៉ែត្រ​៕

​ដោយ​៖ រៀម សាលី​