អភិបាលខេត្ត​ព្រះវិហារ ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ នៅ​ស្រុក​រវៀង​

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 8:59 ព្រឹក
  • 37 Views

ខេត្តព្រះវិហារ​៖ ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​ថវិការ​ប្រជាពលរដ្ឋ ក្នុង​ការជួល​កំលាំង​ពលកម្ម​មក​ប្រមូល​ផល​ស្រូវ​ទុំ​ពេញ​វាលស្រែ កាលពី​ព្រឹក ថ្ងៃទី​១៤ វិច្ឆិកា ម្សិលមិញ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ដឹកនាំ​មន្ត្រីរាជការ កងកំលាំង​ប្រដាប​ល​អាវុធ និង​ក្រុមយុវជន បាន​ចុះជួយ​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ដំណាក់​ចិន ឃុំ​រស្មី ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​ក្នុងឱកាស​នោះ លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល ជា​រដូវ​ច្រូតកាត់​ស្រូវ ដែល​ក្រុមគ្រួសារ​និ​មួយៗ​កំពុង​តែមាន​ភាព​មមា​ញឹក​, ដោយ​ឃើញថា គ្រួសារ​ខ្លះទៀត​មាន​សមាជិក​តិច លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រីរាជការ និង​ក្រុមយុវជន ចុះជួយ​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​តែម្តង​។​

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត បានធ្វើកា​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​កំលាំង​ពលកម្ម​ក្នុងការ​ច្រូតស្រូវ សូម​ទំនាក់ទំនង​មកជា​មួយ​អជ្ញាធរ​មួលដ្ឋាន ភូមិ ឃុំ​ដើម្បី​ឲ្យ​ចាត់​កំលាំង​ចុះជួយ​ច្រូត​ជូន​ពក​គាត់​។​

លោក អ៊ុន ចាន់​ដា ក៏បាន​សំដែង​នូវ​ក្តី​សប្បាយរីករាយ​ដែល​ខេត្តព្រះវិហារ​អាច​ផលិត​បាន​ស្រូវ​សរីរាង្គ ដែលមាន​ក្រុមហ៊ុន​ធំៗ ចុះ​កុងត្រា​ក្នុងការ​ទទួល​ទិញ សម្រាប់​នាំចេញ​លក់​បន្តទៅ​ក្រៅប្រទេស ដែល​ចំណុច​នេះ លោក​សូម​ឲ្យ​បងប្អូន​ប្រជាកសិករ ត្រូវមាន​ភាពស្មោះត្រង់​ក្នុង​ការផលិត ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​កាន់តែច្រើន នៅ​ឆ្នាំក្រោយៗ​ទៀត​។ លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តព្រះវិហារ ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង​។​

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា ទិន្នផល​ស្រូវ​ឆ្នាំនេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុន ដោយសារ​ទឹកភ្លៀង​បាន​ធ្លាក់​ស្រោចស្រព​គ្រប់​ទីកន្លែង​, ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ ខេត្តព្រះវិហារ​ទទួលបាន​ទឹកភ្លៀង​ល្អ​ប្រមាណ​១,៦០០​មី​លី​ម៉ែត្រ ក្នុងនោះ​ការធ្លាក់​ទឹកភ្លៀង​មាន​របាយ​ស្មើ​សាច់​ល្អ បើ​គិត​ត្រឹម​សប្តាហ៍​ទី​២ ក្នុង​ខែវិច្ឆិកា ការបង្កបង្កើន​ផល​បាន​ពី​៣០ ទៅ​៤៣% មា​នន​យ័​ថា ផ្ទៃដី​ដែល​ដាំ​ដុះ​ប្រមាណ​៨៥,០០០​ហិកតា ច្រូត​បានតែ​២៦,១២១​ហិកតា ស្មើ​និង​៣០%​ជាង ដែល​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ ហើយ​ជាទូទៅ​ច្រូត​បានតែ​ប្រភេទ​ស្រូវស្រាល​ប៉ុណ្ណោះ​៕

​ដោយ​៖ សួន ក្រែង​