កិច្ចប្រជុំ​ផ្សព្វផ្សាយ​ចំណេះដឹង និង​កសិផល​កសិកម្ម ក្នុង​រដូវវស្សា នៅ​ខេត្តព្រៃវែង​

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 4:17 ល្ងាច
  • 74 Views

​ខេត្តព្រៃវែង​៖ ​កាលពី​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ម្សិលមិញ នៅឯ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តព្រៃវែង បានរៀបចំ​សិក្ខ​សាលា​មួយ ផ្សព្វផ្សាយ​វឌ្ឍនភាព​ការអនុវត្ត​គម្រោង ដើម្បី​ជម្រុញ​ឲ្យ​ផលិតផល ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​ពលរដ្ឋ ក្នុង​ការដាំដុះ​ស្រូវ​ដំណាំ​បន្លែ​របស់ខ្លួន​ឲ្យ​ទទួលបាន​ផល​ល្អ ទាំង​ក្នុង​រដូវវស្សា និង​រដូវប្រាំង​។​

សិក្ខ​សាលា​នេះ មានការ​គាំទ្រ​ពីរ​ដ្ឋ​ភិ​បាល​កម្ពុជា និង​ជនជាតិ​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក បណ្ឌិត មាស ពិសិដ្ឋ អគ្គលេខាធិការរង​និង​ជា​ប្រធាន PMEU, លោក​បណ្ឌិត សោម លន់ អនុប្រធាននាយកដ្ឋាន និង​ជា​ប្រធាន​គម្រោង លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តព្រៃវែង និង​មន្ត្រី​ពាក់​ព​ន្ធ័​ជាច្រើន​នាក់​ទៀត​។

​​ក្នុងឱកាស​នោះ លោក អ៊ុក សំណាង បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល នេះ​គឺ​ដើម្បី​ចង់​ឲ្យ​កសិករ​នៅក្នុង​ខេត្តព្រៃវែង ទទួលបាន​ចំណេះដឹង​ក្នុងការ​បង្កបង្កើនផល​កសិកម្ម​របស់ខ្លួន​។​ ​បច្ចុប្បន្ន​ផ្នែក​កសិកម្ម​នៅក្នុង​ខេត្តព្រៃវែង កំពុង​ទទួលបាន​ផល​ល្អ ដោយ​គួបផ្សំ​កត្តា​អាកាសធាតុ និង​ចំណេះដឹង​ផ្នែក​បច្ចេកទេស ដែល​មន្ត្រី​ជំនាញ​បានធ្វើ​ការណែនាំ​ដល់​កសិករ​នៅតាម​ភូមិ ឃុំ ស្រុក និង​ជម្រុញ​ឲ្យ​កសិផល​កសិកម្ម​គ្រប់​ប្រភេទ បាន​លក់​នៅលើ​ទីផ្សារ មិនតែប៉ុណ្ណោះ​ក៏​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀត​។​

​លោក​បន្តថា នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ មន្ទីរ​កសិកម្ម និង​រៀបចំ​ស្តង់​តាំង​ពិ​ព័រ សម្រាប់​ដាក់តាំង​រាល់​មុខ​បន្លែ​ផ្លែឈើ នៅក្នុង​ខេត្ត ដែល​បាន​ពី​ការដាំដុះ ដើម្បី​បង្ហាញជូន​សាធារណៈជន ថា នេះ​ជា​កសិផល​របស់​កសិក​រ​នៅ​ខេត្តព្រៃវែង​។​

​ជាមួយគ្នា​នោះ លោក​បណ្ឌិត មាស ពិសិដ្ឋ បាន​ថ្លែងថា វិស័យ​កសិកម្ម ជា​វិស័យ​ដ៏​សំខាន់ៗ​ទាំង​៤ នៃ​ការលូតលាស់​សេដ្ឋកិច្ចជាតិ​នៃ​កម្ពុជា ដូច​បាន​រំលេច​ឡើង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ការ​ទី​២​។  ​ហើយ​នាយកដ្ឋាន​សិប្បកម្ម​រួមផ្សំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​យកចិត្តទុកដាក់​ដោយ​ផ្តោតលើ​ការអភិវឌ្ឍន៍​ដំណាំ​បន្លែ ឲ្យ​មាន​ទិន្នផល​ខ្ពស់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​សម្រាប់​ការបរិភោគ​ប្រើប្រាស់​ទូទៅ ដោយ​គិតគូរ​ជាសំខាន់​ដល់​បញ្ហា​សុខភាព និង​អាហា​រូប​ប​ត្ថ​ម្ភ​ដល់​អ្នកប្រើប្រាស់​ទូទាំងប្រទេស​។ ម្យ៉ាងវិញទៀត គឺ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ផ្លែឈើ​ពី​បរទេស និង​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​៕

​ដោយ​៖ យឺត ភា​រ៉ា​