អ្នកទទួល​ម៉ៅការ​សប្បាយចិត្ត ចែក​លុយ​ទឹកតែ​ដេញថ្លៃ​ធ្វើ​ផ្លូវ​ស្ទើរ​មិន​ចុះថ្លៃ​

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 3:23 ល្ងាច
  • 117 Views

​ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ក្រុម​អ្នកដេញថ្លៃ​បាន​និយាយ​គ្នា ចែក​លុយ​ទឹកតែ​លើ​គម្រោង​ដេញថ្លៃ​ធ្វើ​ផ្លូវលំ​ជនបទ​បី​គម្រោង ខណៈ​ដេញថ្លៃ​រួច​ ​អ្នកគ្រប់គ្រង​គម្រោង​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​រត់គេច​មិន​យកលុយ​។​

​បើ​យោងតាម​មន្ត្រី​គ្រប់គ្រង​គម្រោង​និយាយថា ការដេញថ្លៃ​នៅ​សាលាឃុំ​ត្រពាំង​ផ្លុ​ង មុនពេល​ដេញ​ក្រុម​អ្នកទទួលការ​បាននិយាយ​គ្នា​មុន ចែក​លុយ​ទឹកតែ​ទាំង​គ្នា​គាត់​ផង​នោះ និង​​អស់លោក​មេភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ​ខ្លះ ហើយ​បាន​សុំ​លេខ​ទូរ​សព្ទ័ មន្ត្រី​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ដើម្បី​ផ្តល់​ទឹកតែ​ដែរ ក៏ប៉ុន្តែ​ទង្វើ​បែបនេះ​ផ្ទុយ​ច្បាប់ ជម្រុញ​ឲ្យ​ពលរដ្ឋ​ខ្វះ​ទំនុកចិត្ត ហ្នឹង ទៅណា មក​ណា​ឮ​តែ​អ្នកស្រុក​និយាយថា ធ្វើ​ផ្លូវ​ងាយ​ខូច​។​

​ក្រោយពេល​ដេញថ្លៃ​ចប់ គេ​ឃើញ​មាន​អ្នកទទួល​ការដើរ​ស៊ក​លុយ​ជា​ថ្លៃ​ទឹកតែ​ឲ្យ​មនុស្ស​ជាច្រើន​នាក់ ពីព្រោះ​ការដេញថ្លៃ​ចុះ​ទាប គឺ​អ្នកទទួលការ​ចំណេញ ដោយ​គម្រោង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ផ្លូវ​គ្រួស​ក្រហម ប្រវែង​២​គីឡូម៉ែត្រ តម្លៃ​ប៉ាន់ស្មាន​ជាង​៨៦​លាន​រៀល បាន​ទៅលើ​ឈ្មោះ ស្រ៊ុន ស៊ី​វន សែម សុភា ចុះថ្លៃ​ត្រឹម ជាង​១% នៅ​ជាង​៨៥​លាន​រៀល​។ គម្រោង​ទី​២ ឃុំ​កណ្តោលជ្រុំ ផ្លូវ​គ្រួស​ក្រហម​ប្រវែង​២​គីឡូម៉ែត្រ តម្លៃ​ប៉ាន់ស្មាន​ជាង​៧៨​លាន​រៀល ដេញ​បាន​ទៅ​ឈ្មោះ ហ៊​ន់ សោភា ចុះ​បាន​ជាង​៣% ទឹកប្រាក់​៧៦​លាន​រៀល​។

​ខណៈដែល​ការធ្វើ​ផ្លូវ​គ្រួស​ក្រហម នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​និយាយថា ផ្លូវ​ទទឹង​៦​ម៉ែត្រ កម្រាស់​បី​តឹក ចំណាយលុយ​លើ​ការធ្វើ​ផ្លូវ​មួយ​ម៉ែត្រ​ត្រឹម​២​ម៉ឺន​រៀល ហើយ​ផ្លូវ​២​ពាន់​ម៉ែត្រ ចំណាយលុយ​ត្រឹម​៤០​លាន​រៀល គឺ​ផ្លូវ​បានល្អ​ហើយ ក៏ប៉ុន្តែ​ពីរ​គម្រោង​ខាងលើ ដេញថ្លៃ​ស្ទើ​មិន​ចុះ​នៅ​តម្លៃ​យ៉ាងតិច​៧៦​លាន​រៀល សល់​លុយ​ជាង​៣០​លាន​រៀល ចែក​ទឹកតែ​គ្នា​។​

មន្ត្រី​គម្រោង​បន្តថា ចំពោះ​ផ្លូវ​ដីស វិញ ការធ្វើ​ពិតប្រាកដ​ទទឹង​៦​ម៉ែត្រ កម្រាស់​បួន​តឹក បណ្តោយ​លើផ្លូវ​១​ម៉ែត្រ ចំណាយលុយ​ជា​មធ្យម​១​ម៉ឺន​រៀល ក៏ប៉ុន្តែ​គម្រោង​ទី​៣ របស់​ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺ​ផ្លូវ​ក្រាល​ដីស ប្រវែង​
៥៣៨​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន​ជាង​២៣​លាន​រៀល ដេញ​បាន​ទៅ​ឈ្មោះ នួន សុគន្ធ នូវ​ទឹកប្រាក់​២២​លាន ៥៩​ម៉ឺន​រៀល ខណៈ​ផ្លូវ​នេះ ចំណាយលុយ​ត្រឹមតែ ៥​លាន ៣៨​ម៉ែន​រៀល ជាប់​ល្អ​ធានា​គុណភាព ៦​ខែ ដែល​អ្នក​ដេញ​នៅសល់​លុយ​ជាង​១៧​លាន​រៀល ចែក​ទឹកតែ​គ្នា​។

​ជាមួយ​នោះ​ប្រជាពលរដ្ឋ ដែល​តាមដាន​មើល​ការដេញថ្លៃ​នេះ បាន​សម្តែង​ទឹកចិត្ត​ថា ការដេញថ្លៃ​ចែក​ទឹកតែ​គ្នាច្រើនៗ​ម្លឹ​ងៗ បានជា​ដណ្តើម​គ្នា​មក ហើយ​ពេលធ្វើ​ផ្លូវ​មិនជា​ប់​ល្អ​។​ ​បើសិន​ក្រុមហ៊ុន​ដែល​បាន​ដេញថ្លៃ​បាន​ហើយ ធ្វើតាម​ស្តង់ដា និង​លក្ខខណ្ឌ​នៃ​គម្រោង​នោះ​ផ្លូវ​នឹង​ជាប់​បានយូរ​អ​ង្វេ​ង​៕

​ដោយ​៖ ថុង សីហា​