ចាប់ខ្លួនជនសង្ស័យ​ដែលគប់​គ្រាប់បែក និង​បាញ់​មកលើ​សមត្ថកិច្ច រងរបួស​ម្នាក់ នៅឧត្តរមានជ័យ

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 1:43 ល្ងាច
  • 89 Views

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ តាម​ការ​អោយដឹងពី​មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បោក​គ្រាប់បែក និង​បាញ់​មកលើ កម្លាំង​អាវុធ​​ហត្ថ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក បាន​អោយដឹងទៀតថា កម្លាំង​អាវុធហត្ថ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សហការ​ជាមួយ​កម្លាំង អាវុធហត្ថ​ខេត្តសៀមរាប ធ្វើ​ការតាមប្រមាញ់​ជន​សង្ស័យ​អស់​រយៈពេល ២​ថ្ងៃ ក្រោយពី​ជនសង្ស័យ​គប់​គ្រាប់បែក និង​បាញ់រះ​មកលើ​សមត្ថកិច្ច ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណៈដែល​ជនសង្ស័យ​កំពុង​លាក់ខ្លួន នៅក្នុង​ព្រៃ ក្នុងភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។​

​ចំពោះ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​រងរបួស​មានឈ្មោះ អ៊ុយ ច​យ ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឲ្យ​រងរបួស​ស្រាល​ត្រង់​ជើង​។​

​គួររំលឹកថា ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រួម​នឹង​បក្សពួក ជាប់​ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម​ស៊ីឈ្នួល សម្លាប់​មនុស្ស កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់ ហើយ​ជនសង្ស័យ​បាន​គប់​គ្រាប់បែក និង​បាញ់​មកលើ​កងកម្លាំងប្រដាប់អាវុធ បណ្តាល​ឲ្យ​រងរបួស​មន្ត្រី​អាវុធ​ម្នាក់​។ ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​បាន​កាំភ្លើង​ម៉ាក កា​៥៩ (K59) ចំនួន​១​ដើម និង​គ្រាប់​ចំនួន ៦​គ្រាប់ ចំណែក​បក្សពួក​បានរ​ត់​គេចខ្លួនបាត់​៕​