• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • ស្នងការរង​នគរបាល​ខេត្តកណ្ដាល​ម្នាក់ រង​ការ​ចោទ​រឿង ប្រមូល​លុយ​ខែ​ពី​អ្នកលក់ តាម​ចិញ្ចើមថ្នល់

ស្នងការរង​នគរបាល​ខេត្តកណ្ដាល​ម្នាក់ រង​ការ​ចោទ​រឿង ប្រមូល​លុយ​ខែ​ពី​អ្នកលក់ តាម​ចិញ្ចើមថ្នល់

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 11:13 ព្រឹក
  • 267 Views

​ខេត្តកណ្ដាល​៖ ក្រុម​អ្នកលក់ដូរ​តាម​ទីសាធារណៈ ច​ញ្ជើ​ម​ផ្លូវ និង​លើ​សួនច្បារ នៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ ថា ពួកគាត់​ត្រូវ​ចំណាយលុយ​ជាច្រើន​ក្នុង​មួយខែៗ​ ដើម្បី​បាន​សិទ្ធ​លក់​នៅលើ​ទីតាំង​ដែល​គេ​ហាមឃាត់​។​ ពួកគាត់​បានលើកឡើង​ថា ការបង់​លុយ​ខែ​មាន​ចំនួន​ខុសៗ​គ្នា និង​តាម​ទំហំ​ ​នៃ​ទីតាំង​ដែល​បាន​កំណត់ដោយ​សមត្ថកិច្ច បើ​កន្លែង​លក់ដូរ​មាន​ទំហំ​ធំ គឺ​បង់​១ ខែ​១០០​ដុល្លារ​ ​កន្លែង​តូចៗ ក្នុង​មួយខែ​៣​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​។

ប្រភព​បាន​បញ្ជាក់ថា​ ​ការបង់​ខែ​ជូន​សមត្ថកិច្ច គឺ​ដើម្បី​ជា​ថ្នូរ និង​ការមិន​បង្ក្រាប ឬ​ដេញ​ចាប់យក​សម្ភារៈ​ ​ព្រោះ​តំបន់​ទាំងនេះ​ជា​តំបន់ហាមឃាត់ និង​ជា​តំបន់​ទេសចរណ៍​ ​ឬ​ជា​កន្លែង​ពលរដ្ឋ​ដើរលេង​កម្សាន្ត និង​ហាត់ប្រាណ ហើយ​ការលក់ដូរ​នៅទីនេះ​ ​មាន​រាប់រយ​កន្លែង​ឯ​ហ្នុះ​។​ ​បើតាម​ប្រភព​ថា​ ​លុយ​ខែ​ដែល​សមត្ថកិច្ច​ប្រមូលបាន​ពី​ពលរដ្ឋ​ទាំងនោះ ត្រូវបាន​គេ​យកទៅ​ឲ្យ​លោក ឡោ​ ​សុខា ស្នងការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្ដាល​។​

​ជុំវិញ​ករណី​ខាងលើ​លោក ឡោ សុខា ស្នងការ​ង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ​នៅពេលដែល​សួរ​ពី​បញ្ហា​នេះ លោក​បាន​ឆ្លើយថា ជាប់រវល់​ ​ហើយ​ឲ្យ​សួរ​ទៅ​ថ្នាក់ក្រោម​របស់លោក​។ ចំណែក​លោក​ស៊ិន សា​ម៉េ​ត​ ​នាយការិយាល័យ​សណ្ដាប់​ធ្នាប់ បាន​ប្រាប់ អេ​អិ​អិន ដោយ​ទទួលស្គាល់ថា​ ​ពិត​ជាមាន​កំលាំង​សមត្ថកិច្ច​យកលុយ​ពី​ពលរដ្ឋ​លក់ដូរ​នៅតាម​ចំនុច​ខាងលើ​មែន​ ​តែ​មិនមែន​តែ​កំលាំង​សមត្ថកិច្ច​មួយ​មុខ​ទេ ដែល​យកលុយ​ពី​ពលរដ្ឋ​នោះ ចៅសង្កាត់​តាខ្មៅ​ ​ក៏​ចុះ​ទៅយក​នៅ​តំបន់​នោះដែរ​។​

​ចំណែក​លោក ពៅ សុវណ្ណារិទ្ធ​ ​នាយរង​ការិយាល័យ​ស​ណ្ដា​ប់​ធ្នាប់ ដែលជា​អ្នកប្រមូល​លុយ​ផ្ទា​ល់ពី​ពលរដ្ឋ​ ​បាន​ឲ្យ​ដឹងថា លោក​ពិតជា​បាន​ប្រមូល​មែន​ ​តែ​គ្រាន់តែ​ទុក​ចាក់​សាំង​សម្រាប់​ចុះទៅ​ធ្វើ​ការងារ​ប៉ុណ្ណោះ​៕

​ដោយ ៖ នាង​ខ្មៅ​