• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • អគ្គនាយកដ្ឋាន​គយ ថា គយ​ថៃ នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា នាំ​ទំនិញ​ឆ្លងកាត់​ទៅកាន់​ប្រទេស​ទី​៣ បើ​ទោះ​ពុំទាន់​មាន​អនុស្សារណៈ​

អគ្គនាយកដ្ឋាន​គយ ថា គយ​ថៃ នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា នាំ​ទំនិញ​ឆ្លងកាត់​ទៅកាន់​ប្រទេស​ទី​៣ បើ​ទោះ​ពុំទាន់​មាន​អនុស្សារណៈ​

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 9:55 ព្រឹក
  • 41 Views

រាជធានី​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា ម្សិលមិញ ថា​ ​បើទោះបីជា​ច្បាប់​គយ​ថ្មី របស់​ថៃ​ដែល​ហាមប្រាម​មិន​ឲ្យ​កម្ពុជា ដឹកទំនិញ​តាមផ្លូវ​គោក​ ​ឆ្លងកាត់​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​ទី​៣ ឬក៏​ប្រទេស​ទី​៣ មកកាន់​កម្ពុជា​វិញ បាន​ចូល​ជា​ធរមាន​ ​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ ២០១៧ ហើយ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា នៅ​ពុំទាន់​ចុះហត្ថលេខា​ក្ដី ក៏​គយ​ថៃ បាន​ឲ្យ​ដឹងថា នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ប្រទេស​ថៃ​តាម​ផ្លូវគោក​ជា​ប្រក្រតី​ឡើងវិញ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានលើកឡើង​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​របស់ខ្លួន​ថា​ ​យោងតាម​ការ​ជម្រុញ និង​ស្នើសុំ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ រដ្ឋបាល​គយ​ថៃ​ ​បាន​ឆ្លើយតប​តាម​លិខិត​មួយ​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ មក​ថា​
​ទោះបីជា​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ មិនអាច​ចុះហត្ថលេខា មុន​កាលបរិច្ឆេទ ច្បាប់​គយ​ថ្មី​របស់​ថៃ ដែល​ចូល​ជា​ធរមាន​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក៏ដោយ ក៏​រដ្ឋបាល​គយ​ថៃ នឹង​ចេញ​សេចក្ដីជូនដំណឹង ដល់​សាធារណៈជន​អំពី​ការបន្ត​ប្រក្រតីភាព នៃប្រតិបត្តិ​ការដឹកជញ្ជូន​ទំនិញ ពី​ប្រទេស​ទី​៣​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​នាំ​ចូលមក​កម្ពុជា និង​ដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា ឆ្លងកាត់​ប្រទេស​ថៃ ទៅកាន់​ប្រទេស​ទី​៣ រហូតដល់​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​រវាង​ភាគី​ទាំងពីរ​។​

បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ថា ភាពយឺតយ៉ាវ នៃ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នេះ​ ​គឺ​បណ្ដាលមកពី​ភាគី​ថៃ ត្រូវការ​ពេលវេលា​ដើម្បី​បំពេញ នីតិវិធី​ផ្ទៃក្នុង​របស់ខ្លួន​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​៕

​ដោយ​៖ ទេព មង្គល​