បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឆ្នេរសមុទ្រ​តំបន់​អាស៊ាន ត្រូវបាន​លើក​មក​ពិភាក្សា

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 9:04 ព្រឹក
  • 61 Views

រាជធានី​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ វិច្ឆិកា ម្សិលមិញ​ ​ក្រុមមន្ត្រី​របស់ខ្លួន ដែល​ដឹកនាំ​ដោយ​លោក ថៃ ចន្ថា ប្រធាន​នាយកដ្ឋាន និង​ជាម​ន្ត្រី​បង្គោល​ ​នៃ​ក្រុមការងារ​បរិស្ថាន​សមុទ្រ និង​តំបន់ឆ្នេរ​អាស៊ាន បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ឆ្នេរសមុទ្រ​តំបន់​អាស៊ាន នៅ​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម​។ ការប្រែប្រួល​អាកាសធាតុ​ឆ្នេរសមុទ្រ​តំបន់​អាស៊ាន ដែល​បាន​លើក​មក​និយាយ​ពី​ភាព​ងាយ​រងគ្រោះ ផល់ប៉ះពាល់​
​និង​ការ​បន្ស៊ាំ​។

​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា គោលបំណង​នៃ​សិក្ខាសាលា​នេះ​ ​គឺ​ដើម្បី​ពិនិត្យឡើងវិញ​នូវ​ផែនការ និង​គោលនយោបាយ​តំបន់ឆ្នេរ របស់​ប្រទេស ដែលជា​សមាជិក​អាស៊ាន លើ​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​។​

​បន្ថែម​ពីនេះ​ក៏​នៅមាន​ការពិភាក្សា និង​ចែករំលែក លើ​សេចក្តីព្រាង ស្ដីពី​ការ​ចងក្រង​របាយការណ៍​សំយោគ ឆ្លើយតប​
​និង​ការអភិវឌ្ឍ​ផែនការ និង​គោលនយោបាយ​ប្រែប្រួល​អាកាសធាតុ​តំបន់ឆ្នេរ​ ​និង​ការគ្រប់គ្រង​តំបន់ឆ្នេរ​តាមបែប​សមាហរណកម្ម រួមទាំង​ក្របខ័ណ្ឌ​ទទួលខុសត្រូវ​ថ្នាក់​តំបន់​ ​នៃ​ការគ្រប់គ្រង​តំបន់ឆ្នេរ​តាមបែប​សមាហរណកម្ម ផ្តោតលើ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕

ដោយ​៖ កែវ រំ​ចង់​