សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ តុលាការ ប្រកាស​សាលក្រម ចាត់​របៀប​

  • ថ្ងៃ​ចន្ទ, 13 ខែ​វិច្ឆិកា 2017 3:46 ល្ងាច
  • 53 Views

រាជធានី​ភ្នំពេញ​៖ ក្រោយពី​បាន​ពន្យា​ពេល​ប្រកាស​សាលក្រម ជាង​កន្លះ​ឆ្នាំ រួចមក នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ លោក តុ​ប ឈុន​ហេង ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ប្រកាស​សាលក្រម សម្រេច​ចាត់​របៀប លើ​សំណុំរឿង​ឃាតកម្ម លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​។

​ការប្រកាស​សាលក្រម​ចាត់​របៀបនេះ ដោយ​តុលាការ យល់ឃើញថា សំណុំរឿង តម្រូវឱ្យមាន​ការស៊ើបអង្កេត​បន្ថែមទៀត ដើម្បី​រក​ឱ្យ​ខ​ឃើញ​ពី​ពិរុទ្ធ​របស់​ជនជាប់ចោទ​ឱ្យបាន​ច្បាស់លាស់ មុនពេល​តុលាការ​សម្រេច​ប្រកាស​ផ្តន្ទាទោស​ជនជាប់ចោទ​។​

​គួរ​កត់សម្គាល់ថា សវនាការ​លើ​សំណុំរឿង ឃាតកម្ម​មួយ​នេះ​ត្រូវបាន​តុលាការ​ធ្វើឡើង​ជាង ៣០​ដងដោយ​គ្មាន​វត្តមាន​ជនជាប់ចោទ ថោង សារ៉ាត់ សូម្បី​តែមួយ​លើក ដោយ​តុលាការ​បានត្រឹមតែ​សាកសួរ​ជនជាប់ចោទ ជា​អង្គរក្ស​លោក ថោង សារ៉ាត់ និង​សាក្សី រួមទាំង​ចាក់​បញ្ចាំង​ខ្សែរ​វីដេអូ​ពាក់ព័ន្ធ​សំ​ណ៊ំ​មើល​តែប៉ុណ្ណោះ​។
​លោក ថោង សារ៉ាត់ ដែល​តុលាការ​ចោទថា ជា​មេក្លោង​ធំ និង​បាន​បញ្ជា​ឱ្យ​អង្គរក្ស​ទៅ​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នោះ​មិនដែល​បានមក​ចូលរួម​ក្នុង​សវនាការ​នោះទេ ពោលគឺ​បានត្រឹមតែ​បញ្ជូន​លិខិត​តាមរយៈ​មេធាវី​ការពារ​សិទ្ធិ​ស្នើ​ស៊ំ​មិន​ចូលរួម​ក្រោម​សវនាការ ក្រោម​ហេតុផល​ថា មាន​ជំងឺ​ធ្ងន់ធ្ងរ​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ​ដែល​ត្រូវបាន​ ​លោក ហ៊ឹង ប៊ុនថន ជា​តំណាង​អយ្យការ​ចោទប្រកាន់​នៅ​សំ​ណ៊ំ​រឿង នេះ​រួមមាន​៖
​ទី​១.​ឈ្មោះ ថោង សារ៉ាត់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន ៩៩៩ ជាប់ចោទ​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន (​អវត្តមាន​) តាម​មាត្រា​២៨ និង​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។​

ទី​២.​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ទី​៣.​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ស្លាប់​) ជាប់ចោទ​ពីបទ ឃាតកម្ម​គិតទុក​ជាមុន (​រលត់​បណ្ដឹងអាជ្ញា តាម​មាត្រា​៧ ចំណុច​ទី​១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ ទី​៤.​ឈ្មោះ កូយ ចាន់ថុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ទី​៥.​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៦.​ឈ្មោះ ឈុន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទ​ពីបទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៩ និង​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។​

ចំណែក​ជនរងគ្រោះ​មានឈ្មោះ អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន ស៊ីម៉ង់​តិ៍​ពេជ្រ ត្រូវ​ឃាតករ​បាញ់សម្លាប់ កាល​ម៉ោង​ប្រា​មាណ​ជាជាង​៧​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ​នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ​តិច​សេង ក្នុង​ខណ្ឌចំការមន​៕

​ដោយ​៖ ឡុ​ក សំរិត​