អាវុធហត្ថ​ខេត្តកោះកុង ចាប់​ជនសង្ស័យ​៣​នាក់ ដកហូត​គ្រឿងញៀន​២៨​កញ្ចប់​ធំ​តូច​

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 4:11 ល្ងាច
  • 64 Views

​ខេត្តកោះកុង​៖ កាលពី​រសៀល ថ្ងៃទី​១២ កញ្ញា ម្សិលមិញ កម្លាំង​អាវុធហត្ថ​ក្រុង​ខេមរៈភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី នួន វត្ថា មេបញ្ជាការរង​ខេត្ត​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស និង​ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯ​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ត្រី ថុង ណា​រុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកោះកុង សម្របសម្រួល​ពី​លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ពី​កន្លែង​ផ្សេងគ្នា គឺ​នៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរៈភូមិន្ទ និង​នៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ករណី​ជួញដូរ​គ្រឿងញៀន​។​

អាវុធហត្ថ​ស្រុក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខាងលើ ទី​១.​ឈ្មោះ ចាន់ ភក្តី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ​, ​ទី​២.​ឈ្មោះ ម៊ិ​ញ សុភា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរៈភូមិន្ទ ​និង​ទី​៣.​ឈ្មោះ ជា ស្រី​ស ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរៈភូមិន្ទ​។

ចំណែក​វត្ថុតាង​ដកហូត​បាន គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ២៨​កញ្ចប់ ក្នុងនោះ​៣​កញ្ចប់​ធំ ទូ​សព្ទ័​ដៃ​៥​គ្រឿង ម៉ូតូ​១​គ្រឿង លុយ​ខ្មែរ​ចំនួន ២០​ម៉ឺន​រៀល លុយ​បាត​ចំនួន ២​ពាន់​បាត និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកោះកុង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​

 

ដោយ៖ យិន យឿន