ក្រសួងទេសចរណ៍ បង្ហាញ​ពី​សារៈសំខាន់​ការបណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋាកិច្ច​ ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 3:18 ល្ងាច
  • 118 Views

សៀមរាប៖ ​មានប្រសាសន៍​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋាកិច្ច​ផ្នែក​សេវាកម្ម​ភ្ញៀវទេសចរ ដែល​កំពុង​បម្រើការ​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការបណ្តុះបណ្តាល​នៅថ្ងៃនេះ គឺ​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ត្រី​សមត្ថកិច្ច​ក្នុងការ​ធ្វើ​បដិសណ្ឋាកិច្ច សេវាកម្ម​ភ្ញៀវទេសចរ​នៅតាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដែលជា​ច្រក​ផ្លូវអាកាស​មួយ​ដ៍​សំខាន់​របស់​កម្ពុជា ហើយ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នេះ ក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់​ប្រឡងប្រណាំង​បដិសណ្ឋាកិច្ច​ល្អ ស្នាមញញឹម​៣​ដង សម្រាប់​ការប្រឡង​បដិសណ្ឋាកិច្ច​ល្អ​របស់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស​ផងដែរ ។​

​ឯកឧត្តម​បាន​បន្តទៀតថា កម្ពុជា​កំពុងតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​តំបន់​ប៉ូល​ទេសចរណ៍​សំខាន់ៗ ដូចជា នៅ​រាជធានី​ភ្នំពេញ តំបន់​អង្គរ តំបន់​ពាយ័ព្យ តំបន់ឆ្នេរ និង​តំបន់​ភូមិភាគ​ឥសាន ព្រមទាំង​តំបន់​អភិវឌ្ឍ​ទេសចរណ៍​ផ្សេងៗ​ទៀត ឲ្យ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​មួយ ដែលមាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់ និង​ពិភពលោក ដូច្នេះ​ការសម្រួល​ការធ្វើដំណើរ និង​ការធ្វើ​បដិសណ្ឋាកិច្ច​សេវាកម្ម​ភ្ញៀវទេសចរ​ល្អ ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​កម្ពុជា​បាន​កាន់តែច្រើន និង​កាត់បន្ថយ​បាន​នូវ​របាំង​នៃ​ការធ្វើដំណើរ​ដែល​មិនចាំបាច់​ផងដែរ ។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ បានបញ្ជាក់​បន្ថែមទៀត​ថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វា​ព្រំដែន​ចំនួន​៧៣ ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​មាន​ចំនួន​៣ ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​មាន​ចំនួន​៤ ដូច្នេះ​មន្ត្រី​សមត្ថកិច្ច និង​អ្នក​បំរើការ​នៅតាម​ច្រកទ្វារ​ទាំងអស់ ត្រូវ​ចេះ​ជំនាញ​បដិសណ្ឋារកិច្ច សេវាកម្ម​ភ្ញៀវទេសចរ​មួយទៀត ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្ពុជា​មានការ​ពេញចិត្ត មក​កម្ពុជា​ម្តង​ហើយ​ចង់​មក​ម្តងទៀត​៕