• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • មិនគួរ​ឲ្យ​ជឿ! សភា​ហ្វីលីពីន​បានអនុម័ត​កញ្ចប់​ថវិកា​រ២០ដុល្លារ​ប៉ុណ្ណោះ សម្រាប់​គណៈកម្មការ​សិ​ទិ្ធ​មនុស្ស

មិនគួរ​ឲ្យ​ជឿ! សភា​ហ្វីលីពីន​បានអនុម័ត​កញ្ចប់​ថវិកា​រ២០ដុល្លារ​ប៉ុណ្ណោះ សម្រាប់​គណៈកម្មការ​សិ​ទិ្ធ​មនុស្ស

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 3:07 ល្ងាច
  • 178 Views

សារព័ត៌មាន BBC បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី១៣ កញ្ញា​នេះ​ថា ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​ប្រទេស​ហ្វីលីពីន​ទើបតែ​បាន​បោះឆ្នោត​អនុម័ត​ការផ្តល់​កញ្ចប់​ថវិកា​ត្រឹមតែ ១០០០ប៉េ​សូ ដែល​ស្មើនឹង​លុយ ២០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ សម្រាប់​គណៈកម្មាធិការ​សិទ្ធិមនុស្ស ដែល​កំពុងធ្វើការ​ស៊ើបអង្កេត ទៅលើ​សង្គ្រាម​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស និង​បង្ហូរឈាម​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តែ។

ការកាត់បន្ថយ​កញ្ចប់​ថវិកា​ដល់​កម្រិត​យ៉ាង​ទាប​បែបនេះ សម្រាប់​គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ត្រូវបាន​គាំទ្រ​ដោយ​សំឡេង ១១៩ ទល់នឹង ៣២ នៅក្នុង​សភា​ហ្វីលីពីន។  ប្រធានសភា​បានចាត់ទុក​គណៈកម្មកា​រ​នេះ​ថា ឥត​បានការ។

លោក Pantaleon Alverez ថា បើសិនជា​អ្នក​ចង់​ការពារ​សិទ្ធិ​របស់​ឧក្រិដ្ឋជន​នោះ ទៅយក​កញ្ចប់​ថវិកា​អ្នក ពី​ពួកឧក្រិដ្ឋជន​ទាំងអស់នោះ​ទៅ។

ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា វា​គឺជា​ការដាក់ពិន័យ ចំពោះ​គោលជំហរ​ប្រឆាំង​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ហ្វីលីពីន ទៅលើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់ លោក ឌូ​តឺ​តេ។

គួរ​បញ្ជាក់ថា ពីដំបូង​ឡើយ​គណៈកម្មការ​ខាងលើ ដែល​បាននិងកំពុង​តែ​ស៊ើបអង្កេត​លើ ការស្លាប់​នៃ​មនុស្ស​រាប់ពាន់នាក់ ចាប់​តាំងតែ​ពី​លោក ឌូ​តឺ​តេ បានចាប់ផ្តើម​យុទ្ធនាការ​កាលពី​ពាក់កណ្តាល​ឆ្នាំមុន​មក​នោះ បានដាក់​សំណើ​ស្នើសុំ​ឲ្យ​សភា​ផ្តល់​កញ្ចប់​ថវិកា​ចំនួន ៣៤លាន​ដុល្លារ សម្រាប់​ឆ្នាំ២០១៨ ក៏ប៉ុន្តែ​រដ្ឋាភិបាល​បានស្នើ​មកវិញ ទាប​ជាង​ពាក់កណ្តាល​នៃ​ចំនួន​នេះ។ សម្រាប់តែ​ម្សិលមិញ សភា​ក៏បាន​សម្រេច​កាត់បន្ថយ​មក​នៅត្រឹម ២០ដុល្លារ​តែម្តង ធៀប​ទៅនឹង​ឆ្នាំ២០១៧ ដែលមាន​កញ្ចប់​ថវិកា​ចំនួន​ជិត១៥លាន​ដុល្លារ៕