ម៉ាឡេស៊ី​នឹង​ចំណាយលុយ១០ពាន់​លាន​ដុល្លារ ទិញ​យន្តហោះ​ពី​អាមេរិក

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 2:49 ល្ងាច
  • 62 Views

ម៉ាឡេស៊ី​នឹង​ទិញ​ពី​សហរដ្ឋអាមេរិក​នូវ​យន្តហោះ Boeing ធុន 737 ចំនួន ២៥គ្រឿង Boeing Dreamliner ធុន 787 ចំនួន ០៨គ្រឿង ហើយ​អាច​នឹង​ទិញ Boeing 737 បន្ថែម ២៥គ្រឿង​ទៀត នាពេល​អនាគត​យ៉ាងខ្លី​ខាងមុខ ជាហេតុ​នាំ​ឲ្យ​ក្នុង​រយៈពេល ០៥ឆ្នាំ កិច្ចព្រមព្រៀង​ដ៏​ធំ​នេះ នឹងមាន​តម្លៃ​ប្រមាណ ១០ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ការព្រមព្រៀង​នេះ​បានកើត​មាន​ក្នុងពេលដែល​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​ជួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ នៅ​សេត​វិមាន ក្រុង​វ៉ា​ស៊ី​ង​តោន ចេញផ្សាយ​ដោយសារ​ព័ត​មាន​ហ្ស៊ី​ន​ហួរ​ចុះ​ថ្ងៃទី ១៣ កញ្ញា ២០១៧។

គួរ​បញ្ជាក់ថា មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​រូបនេះ​ក៏បាន​សន្យា​អំពី​ការវិនិយោគទុន​បន្ថែម​ប្រមាណ ០៣ ទៅ ០៤ ពាន់​លាន​ដុល្លារ​បន្ថែម ពី​សំណាក់​មូលនិធិ​សោធន​និវត្តន៍​ម៉ាឡេស៊ី​ដ៏​ធំ​មួយ ដើម្បី​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​សហរដ្ឋអាមេរិក ខណៈ​លោក ត្រាំ ក៏បាន​កោតសរសើរ​ចំពោះ​គោលជំហរ​រឹងមាំ​របស់ លោក រ៉ា​ហ្សា​ក់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម នៅ​ម៉ាឡេស៊ី​ផងដែរ៕