កូរ៉េខាងត្បូង​នឹង​បង្កើត​កម្លាំង​ពិសេស​មួយ ចាត់ការ​លើ​គីម ជុង​អ៊ុន

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 2:32 ល្ងាច
  • 224 Views

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា កម្លាំង​ពិសេស​មួយ​នៃ​ប្រទេស​នេះ​នឹងត្រូវ​បង្កើតឡើង​ដើម្បី​កំចាត់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​ផ្តាច់ការ។

លោក Song Young-moo បាន​ប្រាប់​សមាជិកសភា​កូរ៉េខាងត្បូងថ្មីៗនេះ​ថា កូរ៉េខាងត្បូង​កំពុងតែ​បង្កើត «អង្គភាព​ធ្វើឃាត» ដែលជា​ផ្នែក​មួយ​នៃ​កង​កម្លាំងយោធា​ពិសេស​របស់ខ្លួន ដែល​ត្រូវបាន​បណ្ដុះបណ្ដាល​ជាពិសេស ដើម្បី​កម្ចាត់​លោក គីម ជុង​អ៊ុន។

ប្រភព​បន្តថា អង្គភាព​ពិសេស​ខាងលើ​នឹង​ត្រូវបាន​បង្កើតឡើង នៅ​ចុង​ឆ្នាំនេះ​តែម្ដង។ តួនាទី​របស់​វា គឺ​ដើម្បី​ធ្វើ​ឲ្យ លោក គីម ជុង​អ៊ុន ព្រួយបារម្ភ និង​ភ័យខ្លាច​ចំពោះ​ជីវិត​របស់លោក ហើយ​រារាំង​មេដឹកនាំ​ផ្ដាច់ការ​រូបនេះ មិន​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តទៅទៀត។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ប្រាប់​សមាជិកសភា​កូរ៉េខាងត្បូង នៅ​សប្ដាហ៍​នេះ​ថា អង្គភាព​នេះ​នឹងមាន​ទំហំ​កងទ័ព ចន្លោះ​ពី ១៥០០ ទៅ ៣០០០ នាក់ ហើយនឹង​ត្រៀមខ្លួន​សម្រាប់​ដាក់ពង្រាយ​នៅ​ចុងឆ្នាំ ២០១៧ ។

កូរ៉េខាងជើង តែងតែ​គំរាមកំហែង​កម្ទេច​កូរ៉េខាងជើង និង​សម្ព័ន្ធមិត្ត​សំខាន់​របស់គេ គឺ សហរដ្ឋអាមេរិក ដោយ​ចោទប្រកាន់​ប្រទេស​ទាំង ២ នេះ​ថា បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​លុកលុយ​មកលើ​ប្រទេស​ខ្លួន។ សូម​រំលឹកថា កាលពី​ថ្ងៃ​ច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានដាក់​ទណ្ឌកម្ម​ចំនួន ៦ ធំៗ ទៅលើ​កូរ៉េខាងជើង ដូចជា ហាមឃាត់​ការនាំ​ចូល​ប្រេងកាត, ការនាំចេញ​វាយ​ន​ភណ្ឌ, បញ្ចប់​កិច្ចសន្យាការងារ​ក្រៅប្រទេស, បង្ក្រាប​ការរត់ពន្ធ, បញ្ឈប់​ការបណ្ដាក់ទុន​ជាមួយ​ប្រទេស​ដទៃទៀត និង​ការដាក់ទណ្ឌកម្ម​លើ​អង្គភាព​រដ្ឋាភិបាល​កូរ៉េខាងជើង បន្ទាប់ពី​ប្រទេស​ផ្ដាច់ការ​មួយ​នេះ បានធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ជា​លើក​ទី៦ កាលពីពេលថ្មីៗកន្លងទៅ៕