• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • គណៈកម្មការ​វាយ​តំលៃ​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​សាជាថ្មី​លើ​សំណុំរឿង​ជីក​កាយ​ដី ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ក្បែ​ខាង ក្រោយពី​ទុកចោល​ជាង​កន្លះ​ឆ្នាំ

គណៈកម្មការ​វាយ​តំលៃ​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​សាជាថ្មី​លើ​សំណុំរឿង​ជីក​កាយ​ដី ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ក្បែ​ខាង ក្រោយពី​ទុកចោល​ជាង​កន្លះ​ឆ្នាំ

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 10:28 ព្រឹក
  • 322 Views

ខេត្ត​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ កញ្ញា នេះ ក្រុម​គណៈកម្មការ​ដែល​រៀបចំឡើង​ដោយមាន​សមាសភាព​ថ្នាក់រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន និង​មន្ទីរ​សុរិយោដី​ខេត្ត មន្ត្រី​បរិស្ថាន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​សារ​ថ្មី​ម្តងទៀត
​ពាក់ព័ន្ធ​ផ្ទះ​ប្រជាពលរដ្ឋ​១​គ្រួសារ ក្នុងចំណោម​៣​គ្រួសារ ដែល​បាន​សាងសង់ និង​ផ្ទះជួល​ជាប់ៗ​គ្នា ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់ពី​មាន​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ អាង​អំណាច បាន​យក​គ្រឿងចក្រ​អេ​ស្កា​វា​ទ័​រ ទៅ​ជីក​កកាយ​ព្រំដី​របស់ខ្លួន បង្ក​ឲ្យ​ប៉ះពាល់​ដល់​គ្រឹះ​ផ្ទះ​របស់​ពួកគាត់ ប្រេះ និង​បាក់​ដី ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​។

​គួរ​រំលឹក​ផងដែរ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥១ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ហាក់ដូចជា​ពុំមាន​ចំណាត់ការ​នៅឡើយ​ទេ ចាប់តាំងពី​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង រហូតមកដល់​ពេលនេះ អត់​ទាន់​មាន​អ្វី​ប្រែប្រួល ពោលគឺ​ស្ងាត់ឈឹង​តែម្តង​។

​បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ អ៊ុយ ទិ​ត្យ ហៅ​ង៉ែត វ​ណ្ណី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹងថា កាលពីដើម​ខែមករា ឆ្នាំ​២០១៧ មាន​បុរស​ម្នាក់ ឈ្មោះ តូ សុភា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​ឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដែលមាន​ដី​ជាប់​នឹង​របង​ផ្ទះ​គាត់ បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កាយ​ពង្រាប​ព្រំដី​របស់ខ្លួន ចាប់តាំងពី​ក្បាលដី​ផ្នែក​ខាងមុខ រហូតដល់​ចុង​ខាងក្រោយ ប្រវែង​ជាង​៦០​ម៉ែត្រ​។

​លោកបន្តទៀតថា លុះ​ពង្រាប​អស់​ដី​ទន់ នៅសល់​ផ្ទាំង​ថ្ម ក៏​ចាប់ផ្តើម​ខួង​បំបែក​ចុះទៅ​ក្រោម​ថែមទៀត​, បើទោះបីជា​គាត់​ខំប្រឹង​ប្តឹង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក ឲ្យ​ជួយ​អន្តរាគមន៍ ក៏​គេ​មិន​ស្តាប់​ដែរ​។ រហូតដល់​ក្រោយមក​ខាង​ស្នងការ​នគរបាល​ខេត្ត បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ទើប​បុរស​រូបនោះ​ឈប់​ជីក​កកាយ​។ ក្រោយពី​ខួង​បំបែក​ថ្ម​រួច ពេល​ភ្លៀង​ម្តងៗ ធ្វើ​ឲ្យ​ផ្ទះ​របស់លោក​បាក់​ដី ស្រុត និង​ប្រេះ​គ្រឹះ​ផ្ទះ​កំពុងស្នាក់នៅ ព្រមទាំង​ផ្ទះជួល​ចំនួន​១៣​បន្ទប់​ទៀត ក៏​អត់​មាន​ភ្ញៀវ​ហ៊ាន​ជួល​នៅ​ដែរ​។ ដូច្នេះ​ផលប៉ះពាល់​ខាងលើ ធ្វើ​ឲ្យ​គាត់​មានការ​ខាតបង់​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដោយ​១​ថ្ងៃ ខាត​អស់​៤ ទៅ​៥​ពាន់​បាត (​ប្រាក់​ថៃ​)​។​

​លោក​បាន​បញ្ជាក់ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ស្រុក ខេត្ត ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​អំពី​បញ្ហា​នេះដែរ ហើយ​ខាង​អាជ្ញាធរខេត្ត ក៏បាន​រៀបចំ​គណៈកម្មកា​រ​ចុះ​ពិនិត្យ​ម្តង​រួចមកហើយ នៅ​ខែកុម្ភៈ ក្នុងឆ្នាំនេះ តែ​បាត់​ឈឹង​ទៅវិញ​មិនដឹង​មូលហេតុ​អ្វី​។​

​ទោះ​យ៉ាង​គណៈកម្មការ​ចុះ​វាយ​តំលៃ បាន​ឲ្យ​ដឹងថា ការចុះពិនិត្យ​និង​វាយតំ​លៃ​នេះ ធ្វើ​យ៉ាង​ល្អិតល្អន់​ហើយ​នៅ​ព្រឹក​នេះ ហើយ​របាយ​ការ​នៃ​ការវាយតំ​លៃ និង​ប្រជុំគ្នា​រួច​បញ្ជូន​ទៅខាង​តុលាការ​ដោះស្រាយ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​
​ជាការ​កត់សម្គាល់​ខាង​ភាគី​ម្ខាង​ទៀត មិន​ចូលរួម​ឡើយ​បើ​ទោះ​គណៈកម្មការ​ហៅ​ក៏ដោយ​៕

 

ដោយ​៖ ឡោ សុខ​ហៃ​