• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ ៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ៨​គីឡូក្រាម​

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ ៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ៨​គីឡូក្រាម​

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 9:22 ព្រឹក
  • 138 Views

រាជធានី​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៣​នាក់ និង​វត្ថុតាង ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជាង​៨​គីឡូក្រាម​។​

​យោងតាម​ការបញ្ជាក់រ​ប​សលោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ក្រុងភ្នំពេញ ជា​អ្នកសម្របសម្រួល​ក្នុងការ​បង្ក្រាប បានឱ្យដឹង​តាម Telegram ថា នៅក្នុង​រង្វង់​ប្រតិបត្តិ​ការណ៍​សមត្ថកិច្ច​ជា​អ្នករាយការណ៍ មិនមែន​៤​នាក់​ទេ ៦​នាក់ ដោយមាន​ទាំង​កូនង៉ា​ទៀតផង​។ លោក​បន្តថា បើ​ចង់​ច្បាស់​បញ្ជាក់​ទៅ​សមត្ថកិច្ច​។​ ​សមត្ថកិច្ច​បានបញ្ជាក់ នៅ​ព្រឹក​នេះ​ថា ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​រង្វង់​ប្រតិបត្តិការ ត្រូវតែ​នាំខ្លួន​ទៅ​សួរនាំ​សិន ហើយ​នៅពេល​សមត្ថកិច្ច​សាកសួរ​ទៅ មិនមាន​ការជាប់​ពាក់ព័ន្ធ​គឺ ត្រូវតែ​ឱ្យគេ​ត្រលប់​ទៅផ្ទះ​វិញ​។​

​សូមបញ្ជាក់​ជូន​ថា នៅក្នុង​វ​ង្វ​ង់​ប្រតិបត្តិ​ការបង្ក្រាប កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅ សមត្ថកិច្ច​បន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​នោះ រួមមាន ទី​១.​ឈ្មោះ ហៀក ដា​រ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ អ្នករៀបចំ​ការទំនាក់ទំនង​ចែកចាយ និង​លក់​គ្រឿងញៀន​នៅ​ភ្នំពេញ​, ទី​២.​ឈ្មោះ សូ​គី ថន​ថៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​ពិត ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង​មាន​ទីលំនៅ​បណ្ដោះអាសន្ន​ផ្ទះជួល លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជា​អ្នក​កាន់​គ្រឿងញៀន​, ទី​៣.​ឈ្មោះ ស៊ុម ម៉ៃ អាយុ​២៧​ឆ្នាំ ជា​អ្នក​កាន់​គ្រឿងញៀន​, និង​ទី​៤.​ឈ្មោះ សែន ឫទ្ធី អាយុ​៣៩​ឆ្នាំ ជា​អ្នក​កាន់​គ្រឿងញៀន​។​

​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ តែ​៣​នាក់ ក្នុងចំណោម​ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ​ប៉ុណ្ណោះ​ទៅកាន់​តុលាការ ដោយ​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ ជនសង្ស័យ​ដែល​មិន​ពាក់ព័ន្ធ និង​ត្រូវ​សមត្ថកិច្ច​អនុញ្ញាតឱ្យ​ទៅផ្ទះ​វិញ​នោះទេ​។​

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅ កម្លាំង​នគរបាល «​ក​៩» នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ជា​បន្ដបន្ទាប់ រហូត​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​៤​នាក់​ខាងលើ និង​គ្រឿងញៀន​ជា​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ជាង ៨​គីឡូក្រាម ព្រមទាំង​ដកហូត​បាន​ម៉ូតូ ចំនួន ២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន ៥​គ្រឿង នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ កម្លាំង​ជំនាញ​បាន​បន្តទៅ​ឆែក​ផ្ទះ​របស់​ឈ្មោះ ហៀក ដា​រ៉ា នៅផ្ទះ​លេខ​៣០ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​លទ្ធផល រកឃើញ​សារធាតុ​ញៀន​ចំនួន ២​កញ្ចប់​តូច មាន​ទម្ងន់​ប្រហែល ២០០​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន ១ និង​បាន​ហៅ​ប្រពន្ធ ឈ្មោះ ស៊ឹម សេង​ឡៃ អាយុ​៤២ ឆ្នាំ ដើម្បី​សាកសួរ​បន្ថែម​។​

​យោងតាម​សម​ត្ថិ​ច្ច បានឱ្យដឹងថា​គ្រឿងញៀន​ដែល​ដកហូត​បាន ជា​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) មាន​ទម្ងន់​សរុប ៨,១៩៧.២៨​ក្រាម​។ សមត្ថកិច្ច​បន្ដថា គេ​នៅ​មិនទាន់​ដឹងថា សំណុំ​រឿងនេះ​ស្ថិតក្រោម​ចំណាត់ការ​របស់លោក​ព្រះរាជអាជ្ញារង​រូប​ណា​កាន់​នៅឡើយ​ទេ​៕​

 

ដោយ៖ ឡុក សំរិត