ព័ត៌មានថ្មីបំផុត

ក្រសួងទេសចរណ៍​ដាក់​ប្រព័ន្ធ QR-Code វាយតម្លៃ​បដិសណ្ឋាកិច្ច​ល្អ​សម្រាប់​ច្រកទ្វារ​អន្តរជាតិ​លើក​ទី​២

ដោយ: អូ ស្រស់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 149,005
សន្តិសុខសង្គម
ANN ក្រសួងទេសចរណ៍​ដាក់​ប្រព័ន្ធ QR-Code វាយតម្លៃ​បដិសណ្ឋាកិច្ច​ល្អ​សម្រាប់​ច្រកទ្វារ​អន្តរជាតិ​លើក​ទី​២

​រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បានប្រកាស​ដាក់ចេញ​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​សម្រាប់​ច្រកទ្វារ​អន្តរជាតិ​លើក​ទី​២  ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ចូលរួម​ផ្តល់​មតិ និង​ធ្វើការ​វាយតម្លៃ​កម្រិត​នៃ​ការផ្តល់សេវា លើ​ប្រព័ន្ធ QR-Code  ដោយ​ឈរលើ​អភិក្រម ធ្វើឱ្យបាន ធ្វើឱ្យ​លឿន ធ្វើឱ្យមាន​តម្លាភាព​។

​ថ្លែង​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ សិក្ខាសាលា​បូកសរុប​ចលនា​ប្រឡងប្រណាំង “​បដិសណ្ឋារកិច្ច​ល្អ​” ឆ្នាំ​២០១៦ ឆមាស​ទី​១ ឆ្នាំ​២០១៧ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៧-២០១៨ ឯកឧត្តម​ថោង​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​របស់​ច្រកទ្វារ​អន្តរជាតិ​ត្រូវ​បន្ត​សម្រួលការ​ធ្វើដំណើរ​តាម​ច្រកទ្វារ​អន្តរជាតិ ដោយ​ជំរុញ​ការសាងសង់​ច្រកទ្វារ​ប៉ោយប៉ែត​ឱ្យបាន​លឿន ហើយ​ចំពោះ​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​នានា ត្រូវមាន​ច្រក​ពិសេស សម្រាប់​ភ្ញៀវទេសចរ​អាស៊ាន និង​អាស៊ាន​បូក​បី (​ចិន ជប៉ុន កូរ៉េ​) និង​ផ្សព្វផ្សាយ​ការផ្តល់ Multiples Visa និង​ប្រព័ន្ធ Visa on arrival ឱ្យបាន​ទូលំទូលាយ​នៅ​ទីផ្សារ​ទេសចរ​ចិន ជប៉ុន និង​កូរ៉េ និង​ត្រូវខិតខំ​ចូល​រូ​ម​អនុវត្ត (China Ready)​។

​ចលនា​ប្រឡងប្រណាំង បដិសណ្ឋាកិច្ច​ល្អ​សម្រាប់​ច្រកទ្វារ​អន្តរជាតិ លើក​ទី​២​នេះ មាន​ចំនួន​០៦​ច្រកទ្វារ​អន្តរជាតិ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ដោយ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ផ្តល់​ការវាយតម្លៃ​លើ​កម្រិត​នៃ​ភាព​ពេញចិត្ត​លើ​សេវា​៖ សេវា Check in សេវា X-ray មន្ត្រី​អន្តោប្រវេសន៍ មន្ត្រី​គយ និង​ច​ត្តា​ឡី​សក្តិ​។​

​ទន្ទឹមនឹងនេះ ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង បដិសណ្ឋារកិច្ច​ល្អ និង​ពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​ការវិវត្ត​ថ្មីៗ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ពិភពលោក​នាពេល​បច្ចុប្បន្ន ក្រសួងទេសចរណ៍​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សហការ​ចំនួន​០៩ ដើម្បី​ជម្រុញ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ជំនាញ​បដិសណ្ឋារកិច្ច​ល្អ​ឱ្យ​កាន់តែខ្លាំង គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង បដិសណ្ឋារកិច្ច​ល្អ ឆ្ពោះទៅ​ស្វាគមន៍​កីឡា (SEA GAME) ឆ្នាំ​២០២៣ និង​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​១១​លាន​នាក់​នៅ​ឆ្នាំ​២០២៥៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១