ព័ត៌មានថ្មីបំផុត

កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បង្ហាញមុខ​ជនសង្ស័យ ទទួលផល​ចោរកម្ម និង​កាន់កាប់​គ្រឿងផ្ទុះ​ខុសច្បាប់​

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,767
សន្តិសុខសង្គម
ANN កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បង្ហាញមុខ​ជនសង្ស័យ ទទួលផល​ចោរកម្ម និង​កាន់កាប់​គ្រឿងផ្ទុះ​ខុសច្បាប់​

​ខេត្តកណ្តាល ៖ ជនសង្ស័យ​ទទួលផល​ចោរកម្ម និង​កាន់កាប់​គ្រឿងផ្ទុះ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ធ្វើការ​បង្ហាញមុខ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃទី​៥ មករា មក។​


​យោងតាម​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​៥ ខែមករា កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គឹម សុខ​សំណាង ហៅ យ៉យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន និង​ករណី​លួច​។ បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​រួចមក ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ។​


​នៅមុខ​មន្ត្រី​កងរាជអាវុធហត្ថ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជាច្រើន​ដង​មកហើយ ហើយ​បាន​យក​ម៉ូតូ​ទាំងនោះ ទៅ​លក់​ឲ្យ ឈ្មោះ សុំ សៀ​ប រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ។​


​ដោយ​ទទួលបាន​ការអនុញ្ញាត ពី​ព្រះរាជអាជ្ញា​ខេត្តកណ្តាល និង​ព្រះរាជអាជ្ញា​ខេត្តតាកែវ ព្រមទាំង​មានការ​ចូល​រូ​ម​ពី​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​កងរាជអាវុធហត្ថ ខេត្តតាកែវ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទូច អ៊ី​ណាន បាន​បន្ត​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុំ សៀ​ប នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​ទិញ​-​លក់​ម៉ូតូ​ខុសច្បាប់ និង​ដាប់​ឈូស​លេខ​ម៉ូតូ​ខុសច្បាប់ បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​រកស៊ី​ទិញ លក់​ម៉ូតូ ដាប់​ឈូស​លេខ​ខុសច្បាប់​អស់​រយៈពេល​២​ឆ្នាំ​មកហើយ រាល់​ម៉ូតូ​ដែល​គេ​យកមក​លក់​ឲ្យ​ខ្លួន​ជា​ម៉ូតូ​ឆបោក លួច ប្លន់ ហើយ​ពុំមាន​ធ្វើលិខិត​ស្នាម។​


​ក្នុងការ​បង្ក្រាប​បទល្មើស​ទទួលផល​ចោរកម្ម​នេះ លោក​វរសេនីយ៍ទោ ពក សាង បាន​ឲ្យ​ដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ដកហូត​វត្ថុតាង​រួមមាន ស្លាក​លេខ​ម៉ូតូ​១០១​បន្ទះ ស្លាក​លេខ​រថយន្ត​២​បន្ទះ កូនសោរ​ម៉ូតូ ២៥ បន្ទះ​កុង​ទ័​រ​ម៉ូតូ​៥​បន្ទះ ប្រដាប់​កឹ​ប ប្រដាប់​កែច្នៃ​ឈូស​លេខ​ម៉ូតូ​មួយចំនួន គ្រាប់​អាវុធខ្លី ២០​គ្រាប់ បណ្ណ​សំគាល់​យានយន្ត ៤៨​សន្លឹក អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ១៣​សន្លឹក និង​បណ្ណ​បើកបរ ៣​សន្លឹក។​


​ក្នុងនោះដែរ​លោក​វរសេនីយ៍ទោ ពក សាង បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ម៉ូតូ កាត​គ្រី អត្តសញ្ញាណ​បណ្ណ មក​ដាក់ពាក្យ​បណ្តឹង​នៅ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ សុំ សៀ​ប បន្ថែមទៀត ក្នុង​ការកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១