ព័ត៌មានថ្មីបំផុត

អភិបាលខេត្ត​បន្ទាយមានជ័យ នឹង​ស្នើសុំ​សម្តេច​ក្រឡាហោម ដក ឬ​ផ្លាស់ប្តូរ​តំណែង​នាយរង​ប៉ុស្តិ៍នគរបាល​ប៉ោយប៉ែត​

ដោយ: សម្បត្តិ សីហា ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,615
សន្តិសុខសង្គម
ANN អភិបាលខេត្ត​បន្ទាយមានជ័យ នឹង​ស្នើសុំ​សម្តេច​ក្រឡាហោម ដក ឬ​ផ្លាស់ប្តូរ​តំណែង​នាយរង​ប៉ុស្តិ៍នគរបាល​ប៉ោយប៉ែត​

​បន្ទាយមានជ័យ​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​គណ​:​បញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ស្នើរ​ជូន​សម្តេច ស ខេង សូមពិនិត្យ​ពិចារណា ​ដក ឬ​ផ្លាស់ប្តូរ​នាយរង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត។​


ឯកឧត្តម សួន បវរ បាន​បញ្ចា​ក់ថា ការធ្វើ​សំណើ​រដក ឬ​ផ្លាស់ប្តូ​រលោក ឈឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​តួនាទី​ជា​នាយរង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​ក្នុង​គោលបំណង​សុំ​យោបល់​ពីស​ម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ា ដើម្បី​កុំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​រវាង​លោក ឈឹម ពិសិដ្ឋ ជាមួយ​ប្រជាពលរដ្ឋ និង​អ្នករត់ម៉ូតូឌុប​ដែល​ធ្លាប់មាន​ការប៉ះទង្គិច​គ្នា ពិសេស​​កុំអោយ​ក្រុម​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក ឌិន ពុ​ទ្ធី ធ្វើបាតុកម្ម ឬលើក​គ្នា​តវ៉ា​លើក​ក្រោយ​ទៀត​។​

 

​គួររំលឹកថា កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ដោយ​លោក ឈឹម ពិសិដ្ឋ ជា​នាយរង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត បាន​ដួលសន្លប់​នៅមុខ​រថយន្ត​របស់លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគមន៍​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ខណៈ​លោក ឌិន ពុ​ទ្ធី ព្យាយាម​អន្តរាគមន៍​រំដោះ​អ្នករត់ម៉ូតូឌុប​ម្នាក់ ដែល​ចាំ​ចាប់​ម៉ូយ​បង្ករ​ភាព​អ​សណ្តាប់ធ្នាប់ នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។ ការដួលសន្លប់​នេះ ត្រូវ​បានដាក់​ការសង្ស័យថា លោក ឌិន ពុ​ទ្ធី ជា​អ្នកបើក​រថយន្តបុក​លោក ឈឹម ពិសិដ្ឋ តែម្តង​។​

 

​យ៉ាងណាក៏ដោយ​រហូតដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ លោក ឌិន ពុ​ទ្ធី ត្រូវបាន​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ដោយ​តុលាការ​បាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។


​ក្រោយ​ការឃាត់ខ្លួន ប្រជាពលរដ្ឋ និង​អ្នករត់ម៉ូតូឌុប ដែល​គាំទ្រ​លោក ឌិន ពុ​ទ្ធី ជាច្រើន​នាក់ បាន​ផ្ទុះ​ការតវ៉ា នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត សុំ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​លោក ឌិន ពុ​ទ្ធី​៕  

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១