ព័ត៌មានថ្មីបំផុត

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ចង្វាក់​ផលិតកម្ម​ភ្ញាស់​កូន​ត្រី នៅ​មជ្ឍមណ្ឌល​វារីវប្បកម្ម​សមុទ្រ​

ដោយ: លី សុខម៉ន ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,241
សន្តិសុខសង្គម
ANN អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ចង្វាក់​ផលិតកម្ម​ភ្ញាស់​កូន​ត្រី នៅ​មជ្ឍមណ្ឌល​វារីវប្បកម្ម​សមុទ្រ​

ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការ​ភ្ញាស់​កូន​ត្រី​សមុទ្រ នៅ​មជ្ឍមណ្ឌល​វារីវប្បកម្ម​សមុទ្រ ដែលមាន​ទីតាំងនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយមាន​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម និង​សហការី​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​រប​ស់​បុគ្គលិក​វារីវប្បកម្ម​សមុទ្រ ដែល​បាន​បំពេញការងារ​តាម​ជំនាញ​បច្ចេកទេស ក្នុងការ​ភ្ញាស់ ថែរក្សា​កូន​ត្រី កូន​ក្តាម​សមុទ្រ ទទួលបាន​លទ្ធផល​ល្អ ហើយ​នេះ​គឺជា​មោទនៈភាព​របស់​កម្ពុជា​ផងដែរ ដែល​មន្ត្រី​យើង​មាន​សមត្ថភាព​ភ្ញាស់​កូន​ត្រី​សមុទ្រ​បាន ចែកជូន​ប្រជាពលរដ្ឋ​យកទៅ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ក៏ដូចជា​លក្ខណៈ​អាជីវកម្ម​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​មជ្ឍមណ្ឌល​វារីវប្បកម្ម ខិតខំ​ភ្ញាស់​កូន​ត្រី​ស្ពង់ និង​កូន​ក្តាម​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន ជាពិសេស​បំផុស​ឲ្យ​ប្រជាពលរដ្ឋ និង​ជួយ​បណ្តុះ បណ្តាល​ជំនាញ​បច្ចេកទេស ក្នុងការ​ចិញ្ចឹម​កូន​ត្រី​សមុទ្រ ទៅដល់​បងប្អូន​ប្រជាកសិករ​នៅ​ទូទាំងប្រទេស ដើម្បី​បង្កើន​ប្រាក់​ចំ​ណុល​ក្នុង​គ្រសារ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ​ជាមួយគ្នា ឯកឧត្តម បានធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ត្រី​មជ្ឍមណ្ឌល​វារីវប្បកម្ម ជួយ​ចែក​កូន​ត្រី​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​ទិញ​កូន​ត្រី​យកមក​ចិ​ញ្ចិ​ម ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​ចិញ្ចឹម​កូន​ត្រី​ស្ពង់​ដូច​ប្រជាពលរដ្ឋ​ដទៃទៀត​។

​លោក ម៉ម សុខ​ដា​រ៉ា ប្រធាន​មជ្ឍមណ្ឌល​វារីវប្បកម្ម​សមុទ្រ បាន​ឲ្យ​ដឹង​ដែរ​ថា  មជ្ឍមណ្ឌល​វារីវប្បកម្ម​សមុទ្រ ចាប់ផ្តើម​ដំណើការ​ភ្ញាស់​កូន​ត្រី​សមុទ្រ តាំងពី​ឆ្នាំ​២០១២​មក​ម្លេះ ដោយ​យក​ពងត្រី​ពី​ប្រទេស​ថៃ មក​ធ្វើការ​ភ្ញាស់ ហើយ​នៅ​ឆ្នាំ​២០១៣ យើង​បាន​យក​ត្រី​ស្ពង់​មេ​ពូជ​មក​ភ្ញាស់​ខ្លួនឯង ទទួលបាន​ជោគជ័យ នៅ​ឆ្នាំ​២០១៤ ភ្ញាស់​បាន​ជាង​១​ម៉ឺន​កូន ក្នុង​ឆ្នាំ​២០១៥ ភ្ញាស់​បាន​២០​ម៉ឺន​កូន និង​ឆ្នាំ​២០១៦ ភ្ញាស់​បាន​ជាង​២០​ម៉ឺន​កូន​ទៀត​។

​លោក​បាន​បន្តថា ក្រៅពី​ការ​ភ្ញាស់​កូន​ត្រី​ស្ពង់​សមុទ្រ​ទទួលបាន​ជោគជ័យ​ជា​បន្ត​បន្ទាប់មក នៅ​ចុងឆ្នាំ​២០១៥ មជ្ឍមណ្ឌល​វារីវប្បកម្ម​សមុទ្រ ក៏បាន​បន្ត​ភ្ញាស់​កូន​ក្តាមសេះ​ទៀត ហើយ​នៅ​ឆ្នាំ​២០១៦ ការ​ភ្ញាស់​កូន​ក្តាម​សមុទ្រ ដោយ​យក​មេ​ពូជ​មកពី​ក្នុង​សមុទ្រ​ធម្មជាតិ មក​ធ្វើការ​ភ្ញាស់​៧​លើក យើង​ទទួលបាន​ជោគជ័យ​៤​លើក​។ អត្រា​រស់​របស់​កូន​ក្តាម ក្នុងចំណោម​កូន​ក្តាម​ចំនួន​៣០​មឺ​ន​កូន ហើយ​អត្រារ​ស់មាន​២​ម៉ឺន​កូន ចំណែក​កូន​ក្តាម​ភ្ញាស់​បាន​រយះពេល​២០​ថ្ងៃ យើង​យក​វា​ទៅ​ប្រលែង​ចូលក្នុង​សមុទ្រ​ធម្មជាតិ​វិញ ក្នុង​តំបន់​អភិរក្ស​ក្នុង​សហគមន៍​នេសាទ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​

​លោក ម៉ម សុខ​ដា​រ៉ា បាន​បន្តទៀតថា នៅ​ឆ្នាំ​២០១៧ មជ្ឍមណ្ឌល​វារីវប្បកម្ម​សមុទ្រ បន្ត​ភ្ញាស់​ត្រី​ផ្ទក់​សមុទ្រ និង​ត្រី​ទឹក​កែ​សមុទ្រ​បន្តទៀត ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​យកទៅ​ចិញ្ចឹម និង​ក៏​ជា​តម្រូវការ​តាម​ទីផ្សារ​ដែល​កំពុង​តែមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១