ព័ត៌មានថ្មីបំផុត

ពលរដ្ឋ​ថា ឆ្នេរសមុទ្រ​កំ​ពេញ កំពុង​ត្រូវបាន​ក្រុម​ហ៊ុនយ​ក្ស​ចំនួន​២ ប្រជែង​កាន់កាប់​

ដោយ: លី សុខម៉ន ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,101
សន្តិសុខសង្គម
ANN ពលរដ្ឋ​ថា ឆ្នេរសមុទ្រ​កំ​ពេញ កំពុង​ត្រូវបាន​ក្រុម​ហ៊ុនយ​ក្ស​ចំនួន​២ ប្រជែង​កាន់កាប់​

ខេត្ត​ព្រះសីហនុ​៖ ក្រុម​ពលរដ្ឋ​បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ឆ្នេរសមុទ្រ​នៅ​តំបន់​កំ​ពេញ ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​លេខ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ពេលនេះ​កំពុង​ត្រូវបាន​ក្រុមហ៊ុន​យក្ស​ចំនួន​២ ដណ្ដើម​គ្នា​កាន់កាប់​ធ្វើជា​កម្ម​សិទ្ធ​។​

​តាម​សេចក្ដីរាយការណ៍​ថា ក្រុមហ៊ុន ស៊ី ហួរ និង​អូ​តែ​ល​សុខា នៃ​ក្រុមហ៊ុន សុខ​គង់ ពេលនេះ​កំពុងតែ​ធ្វើ​សកម្មភាព​ចាក់ដី​លុប​ឆ្នេរ និង​រៀប​ខឿន​ថ្ម ចាក់​ប៉េ​តុង​, ដោយ​ក្រុមហ៊ុន​នីមួយៗ សុទ្ធសឹងតែ​ប្រជែង​យកឈ្នះ​រៀងខ្លួន អំពី​ភាពស្របច្បាប់ និង​ការរំលោភ ដោយ​បំពាន​ច្បាប់​។​

​ទាក់ទង​បញ្ហា​នេះ បុរស​មួយរូប​ដែល​អះអាងថា ជា​តំណាង​ក្រុមហ៊ុន ស៊ី ហួរ បាន​លើកឡើងថា ក្រុមហ៊ុន​បានទទួល​សិទ្ធិ​គ្រប់គ្រាន់​ពី​រាជរដ្ឋាភិបាល ក្នុងការ​ប្រើប្រាស់ និង​អភិវឌ្ឍន៍​ឆ្នេរ​ប្រវែង​៥០​ម៉ែត្រ​, ដូចនេះ​ការចាប់​ដី​លុប​ឆ្នេរ ក៏ដូចជា​ចាក់​ថ្ម ចាក់​ខឿន​លើដី​ឆ្នេរ គ្មាន​រឿង​អ្វី​ខុសច្បាប់​នោះឡើយ​, គឺ​ចាក់​លុប​សមុទ្រ​តាមតែ​គោល​ការ​របស់​ក្រុមហ៊ុន ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។ ដោយ​បុរស​រូបនេះ បាន​ចោទថា ការ​បូម​ខ្សាច់​របស់ ក្រុមហ៊ុន​អូ​តែ​ល​សុខា ទៅវិញ​ទេ ទើប​ជាការ​បង្ក​បញ្ហា​ស្មុ​គ្រ​ស្មាញ​រាំងស្ទះ ដល់​ដំណើរ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ស៊ី ហួរ​។

​ចំណែក​លោក​ឧកញ៉ា ឡាវ កាង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ និង​ជា​តំណាង​ក្រុមហ៊ុន អូ​តែ​សុខា បាន​ថ្លែងថា ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​សុខា នាពេលនេះ គឺជា​ការស្តារ គន្លង​ផ្លូវទឹក​ហូរ ដើម្បី​រំដោះ​ទឹក​ជន់​លិច​ក្នុង​រដូវ​ស្សា ហើយ​ផ្លូវទឹក​ហូរ​មួយ​នេះ បើ​ធ្វើការ​ពិនិត្យ ជាក់ស្តែង​ក្នុង​ផែនទី​ប្លង់​ប្រព័ន្ធ គឺ​ស្ថិតនៅ​ត្រង់ចំណុច ដែល​ក្រុមហ៊ុន ស៊ី ហួរ កំពង់​ចាក់ដី​លុប​តែម្តង​។

​លោក​ឧកញ៉ា បន្តថា អ្វីដែល​ក្រុមហ៊ុន ស៊ី ហួរ កំពុង​ធ្វើ​ វា​ជាការ​បំពាន​ទាំងស្រុង បើ​និយាយ​ពី​ផ្លូវច្បាប់​។ ដោយ​លោក​ឧកញ៉ា បានស្នើរ​សុំ​ឲ្យ​ក្រុមហ៊ុន ស៊ី ហួរ ធ្វើ​អ្វីៗ​តាម​ប្លង់​របស់​ខ្លូន​ដែល​ច្បាប់​បាន​អនុ​ញា​ត្តិ​ឲ្យ​, តែបើ​មិន​អញ្ចឹងទេ នឹងមាន​ប​ញ្ហ​រ​មិន​ចប់​នោះឡើយ ពីព្រោះ​ការចាក់ដី ក៏ដូចជា​ចាក់​ថ្ម របស់​ក្រុមហ៊ុន ស៊ី ហួរ ពេលនេះ​កំពង់​រំលោភបំពាន​លើផ្លូវ​ទឹក នឹង​ដី​ឆ្នេរ​ដែល​ក្រុម ហ៊ុន​សុខា កំពុង​គ្រប់គ្រង មិនតិចជាង​៣០​ម៉ែត្រ​នោះឡើយ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ឈិ​ត សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​កិច្ចការ​តំបន់ឆ្នេរ នៅពេល​ទាក់​សុំ​ការបំភ្លឺ លោក​បាន​ឆ្លើយ​ដោយ​ខ្លី​ថា ជាប់រវល់​បើកឡាន​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១