ព័ត៌មានថ្មីបំផុត

លោកស្រី យី​ង​ឡាក់ សវនាការ​លើកចុងក្រោយ នៅ​ថ្ងៃ​សុក្រ​នេះ

ដោយ: ANN ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧ 189,690
នយោបាយ
ANN លោកស្រី យី​ង​ឡាក់ សវនាការ​លើកចុងក្រោយ នៅ​ថ្ងៃ​សុក្រ​នេះ

សារ​ព័ត​មាន Channelnewsasia បានចេញ​ផ្សាយ នៅ​ថ្ងៃទី២១ កក្ត​ដា ២០១៧ថា ក្រុម​អ្នកគាំទ្រ​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​អគារ​តុលាការ នៅក្នុង​រាជធានី​បាងកក ប្រទេស​ថៃ​ដើម្បី​សម្តែង​ការអបអរ និង​លើកទឹកចិត្ត​ចំពោះ​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា អតីត​នាយករដ្ឋមន្ត្រី ដែល​រង​ការចោទប្រកាន់​លើ​ការ​ក្លែងបន្លំ «កម្មវិធី​ទិញស្រូវ​ពី​ប្រជាកសិករ» កាលពី​លោកស្រី​នៅ​កាន់អំណាច ខណៈដែល​លោកស្រី​ត្រូវ​សវនាការ លើកចុងក្រោយ ដើម្បី​ធ្វើការ​ស្រាយ​បំភ្លឺ។

 

លោកស្រី យី​ង​ឡាក់ ត្រូវបាន​យោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង កាលពី​ខែឧសភា ឆ្នាំ២០១៤ ហើយក៏​ត្រូវបាន​តុលាការ​សម្រេច ហាមឃាត់​ការធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ ដើម្បី​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ពាក្យ​ចោទប្រកាន់ថា លោកស្រី​បាន​ក្លែងបន្លំ និង​បោកប្រាស​ប្រជាកសិករ លើ​កម្មវិធី​ទិញស្រូវ ដែលជា​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព បាន​ជួយ​ឲ្យ​លោកស្រី​ជាប់ឆ្នោត​កាលពី​ឆ្នាំ២០១១ ។

 

គួររំលឹកថា លោកស្រី​ប្រឈមមុខ​ការជាប់​ពន្ធនាគា​រ​រយៈពេល ១០ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញថា ពិតជា​បាន​ប្រព្រឹត្ត​កំហុស​ទាំងឡាយ ដូច​ការចោទប្រកាន់​មែន​នោះ។ សម្រាប់​ពេលវេលា​នៃ​ការប្រកាស​សាលក្រម អាច​នឹងត្រូវ​ប្រកាស ក្រោយពី​សវនាការ​ចុងក្រោយ​លើ លោកស្រី យី​ង​ឡាក់ បញ្ចប់​នៅក្នុង​ថ្ងៃ​សុក្រ​នេះ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១