ព័ត៌មានថ្មីបំផុត

អាជ្ញាធរខេត្តប៉ៃលិន ចុះត្រួតពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន បន្ទាប់ពីទឹកស្ទឹងប្រែល្អក់កករ

ដោយ: សុខហៃ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 20,275
សន្តិសុខសង្គម
ANN អាជ្ញាធរខេត្តប៉ៃលិន ចុះត្រួតពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន បន្ទាប់ពីទឹកស្ទឹងប្រែល្អក់កករ

ប៉ៃលិន​៖ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ រស់ សុខ​ធឿន អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន កាលពី​ថ្ងៃទី​១៩ ខែកក្កដា ម្សិលមិញ បាន​ដឹកនាំ​សមាជិក​ក្រុមប្រឹក្សា និង​កម្លាំងប្រដាប់អាវុធ ចុះ​ពិនិត្យ​រក​មូល​ហេតុដែល​បណ្តាល​ឲ្យ​ទឹកស្ទឹង​បរ​ប៉ៃលិន ប្រែ​ល្អក់​។​


​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍​ដោយ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ទឹកស្ទឹង​បរ​ប៉ៃលិន ទាំងអស់​កុំ​យល់​ច្រ​លំ​អំពី​បញ្ហា​ទឹកល្អក់​ប្រើការ​មិនកើត មកពី​ក្រុម​ឈ្មួញ​រ៉ែ​ង​ត្បូង​ឲ្យ​សោះ នេះ​គឺ​មកពី​ការធ្វើ​ផ្លូវ​តាម​ក្រ​វ៉ាត​ព្រំដែន ដោយ​ភ្លៀង​ធ្លាក់​តាម​ជូរ​ភ្នំ​ម្តងៗ វា​បង្ក​ជា​ទឹក​ហូរ​ច្រេះ​ដី​ធ្លាក់ចុះ​ទៅតាម​ជ្រលង​ដងអូរ រួច​ចាក់​ចូលមក​ស្ទឹង​បរ​ប៉ៃលិន​។​


​លោក​បន្តថា ការ​ប្រែ​ល្អក់​នៃ​ទឹកស្ទឹង​បរ​ប៉ៃលិន អាជ្ញាធរ​នឹង​ចាត់​ក្រុមការងារ​ចុះជួយ​ដល់​បង​ប្អួ​ន​ដែលមាន​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​។​


​ក្នុងការ​អមដំណើរ​ជាមួយ​អភិបាលខេត្ត​ប៉ៃលិន លោកស្រី វ៉ែន ដា​រ៉ា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ក៏បាន​ទទួលស្គាល់ថា មូល​ហេតុដែល​ទឹកស្ទឹង​បរ​ប៉ៃលិន ប្រែក្លាយជា​ល្អក់កករ​គឺ​ដោយសារ​ការធ្វើ​ផ្លូវ​តាម​ក្រវ៉ាត់​ព្រំដែន មិនមែន​មកពី​ការ​រ៉ែ​ង​ត្បូង​របស់​ពួក​ឈ្មួញ​នោះទេ​។ ស្ទឹង​បរ​ប៉ៃលិន ប្រែ​ល្អក់ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ​តាម​ជួរ​ភ្នំ បង្ក​ជា​ទឹក​ច្រេះ​ដី ធ្លាក់​បាក់​បណ្តាល​ឲ្យ​ហូរ​ចូលក្នុង​ទឹកស្ទឹង​បរ​ប៉ៃលិន​តែម្តង​។


គួររំលឹកថា ការ​ប្រែ​ល្អក់​នៃ​ទឹកស្ទឹង​បរ​ប៉ៃលិន រយៈពេល​២​ទៅ​៣​ខែ​កន្លងមកនេះ ត្រូវបាន​មតិ​មហាជន ពិសេស​ក្រុមការងារ​គណបក្សប្រឆាំង បាន​រិៈ​គន់​ទៅលើ​អាជ្ញាធរខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ជីក​កកាយ​រ៉ែ​ង​ត្បូង បង្ហូរទឹក​មិនល្អ​ចូលមក​ស្ទឹង​បរ​ប៉ៃលិន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើការ​មិនកើត ប៉ុន្តែ​នៅពេលនេះ ក្រោយពេល​អាជ្ញាធរ និង​សមត្ថកិច្ច ចុះ​ពិនិត្យ​ទើប​បានដឹង​ការពិត​ពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​ទឹកស្ទឹង​ប្រែ​ល្អក់​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១